ដោយៈ គង់ហេង / កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ហាន កុសល ជាអភិបាលរងខេត្តនេះ នៅថ្ងៃទី៧ សីហា ម្សិលមិញ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ទីតាំងហ្វូងសត្វក្របី លែងឱ្យស៊ីស្មៅ ចំនួនជាង ៣០០ ក្បាល ផ្អើលហែលជាន់គ្នា បណ្តាលឱ្យស្លាប់ចំនួន ២០ ក្បាល ក្នុងទឹកបឹង ជាប់ព្រំប្រទល់ រវាងស្រុកជើងព្រៃ និងស្រុកកងមាស។

មន្រ្តីរដ្ឋបាលស្រុកជើងព្រៃ បានបញ្ជាក់ថាៈ ជាលទ្ធផល ក្រុមការងារ បានសន្និដ្ឋានថា ដោយសារការផ្អើលចុះទឹករត់ប្រសេចប្រសាច និងគ្មានការមើលខុសត្រូវ របស់ម្ចាស់ក្របី ធ្វើឱ្យពួកវា រត់ចុះទឹកជាន់គ្នា ជាបន្តបន្ទាប់, សត្វក្របី ភាគច្រើន ដែលងាប់នោះ គឺជើងរបស់វា ជាប់នឹងវល្លិ៍ បណ្តាលឱ្យហែលលែងរួច ឈ្លក់ទឹកលង់ស្លាប់តែម្តង។

ប្រភពនោះ បានបញ្ជាក់ទៀតថាៈ ដូច្នេះទឹកទន្លេមេគង្គ មិនមែនជាមូលហេតុ នៃការពុល ងាប់ដល់សត្វក្របីទាំងនោះទេ ដោយសារសត្វពាហនៈផ្សេងទៀត មិនរងផលប៉ះពាល់ ឡើយ និងក៏គ្មានការបង្កឡើង ពីជំងឺអ្វីនោះទេ។

សូមបញ្ជាក់ថា តាំងពីកើតហេតុ សត្វក្របីដែលប្រជាពលរដ្ឋ លែងឱ្យដើរស៊ី ផ្អើលហែល រត់ជាន់គ្នា កាលពីល្ងាចថ្ងៃទី ៦ សីហា ក្នុងភូមិសាស្រ្តវាលស្រែប្រាំង រវាងស្រុកជើងព្រៃ និងស្រុកកងមាស មកដល់ពេល បានរកឃើញសត្វក្របីងាប់ ចំនួន ២០ ក្បាល ក្នុងនោះ ជារបស់ប្រជាពលរដ្ឋ ភូមិចាំនាង ចំនួន បួន ក្បាល, ភូមិផ្តៅជុំកើត ចំនួន ១៥ ក្បាល និងរបស់ប្រជាពលរដ្ឋភូមិឈើទាល ចំនួន មួយ ក្បាល ក្នុងចំណោមក្របីសរុប ចំនួន ៣៤៨ ក្បាល ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ៕ V / N