​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជប៉ុន​បាន​សម្តែង​ការព្រួយបារម្ភ​កាលពី​ថ្ងៃ​ចន្ទ​ជុំវិញ​កម្មវិធី​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូម​ទំនើប​របស់​អ៊ីរ៉ង់​និង​ការសង្ស័យថា​ប្រទេស​មជ្ឈិមបូព៌ា​នេះ​ផ្គត់ផ្គង់​ដ្រូ​ន​ប្រយុទ្ធ​ដល់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សម្រាប់​សង្គ្រាម​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​ក្រសួងការបរទេស​ក្នុង​ទីក្រុង​តូ​ក្យូ​បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក យ៉ូ​ស៊ីម៉ាសា ហា​យ៉ា​ស៊ី (Yoshimasa Hayashi) បានលើកឡើង​ពី​បញ្ហា​ទាំង​ពីរ​នេះ​ក្នុងអំឡុង​កិច្ច​ពិភាក្សា​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​ដែល​កំពុង​បំពេញ​ទស្សនកិច្ច គឺ លោក ហូ​ស​សេន អា​មី​រ៉ាប់​ឌុល​ឡា​ហ៊ី​យ៉ាន (Hossein Amirabdollahian)​។

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​បាន​និយាយថា លោក​ហា​យ៉ា​ស៊ីបាន​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ការស្ថាបនា​ក្នុង​បញ្ហា​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ទេ​។​

​ដ្រូ​ន​របស់​អ៊ីរ៉ង់​គឺជា​ធាតុ​សំខាន់​នៃ​ការ​បន្ត​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។ រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់​បានផ្តល់​អំណះអំណាង​មិន​ច្បាស់លាស់​អំពី​ដ្រូ​ន ដោយ​ដំបូង​ឡើយ​បាន​បដិសេធថា អ៊ីរ៉ង់​មិនបាន​ផ្គត់ផ្គង់​ពួកវា​ទៅឱ្យ​រុស្ស៊ី​ទេ ហើយ​ក្រោយមក​បាន​អះអាងថា ដ្រូ​ន​ទាំងនោះ​ត្រូវ​បាន​លក់​មុន​ពេល​ការឈ្លានពាន​របស់​រុស្ស៊ី​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា ចំនួន​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់ ដែល​ប្រើប្រាស់​ក្នុង​ជម្លោះ​នេះ បាន​បង្ហាញ​ពី​ការផ្គត់ផ្គង់​ឥតឈប់ឈរ​នូវ​អាវុធ​ដែល​ផ្ទុក​គ្រាប់បែក​។ កាលពី​ខែ​មិថុនា សេត​វិមាន​បាន​និយាយថា អ៊ីរ៉ង់​កំពុង​ផ្តល់​សម្ភារៈ​ដល់​រុស្ស៊ី​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ដ្រូ​ន​នៅ​ភាគ​ខាងកើត​ទីក្រុង​មូ​ស្គូ ខណៈ​វិមាន​ក្រឹម​ឡាំង​សម្លឹង​រក្សា​ចរន្ត​ការផ្គត់ផ្គង់​ដ្រូ​ន​ស្ថិតស្ថិរ​។​

​ក្នុងនាម​ជា​សម្ពន្ធមិត្ត​របស់​សហ​រដ្ឋ​អាម៉េរិក​និង​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ជឿនលឿន​ទាំង​ប្រាំពីរ (G7) ជប៉ុន​បាន​ចូលរួម​ក្នុង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ខណៈ​ផ្តល់​ជំនួយ​មនុស្សធម៌​និង​ឧបករណ៍​ការពារ​មិន​គ្រោះថ្នាក់​ដល់​អ៊ុ​យក្រែន ដែល​ភាគច្រើន​គឺ​ដោយសារតែ​បារម្ភ​ថា ការឈ្លានពាន​របស់​រុស្ស៊ី​អាច​ជំរុញ​ចិន​ឱ្យ​កាន់តែ​បានចិត្ត​នៅក្នុង​អាស៊ី​។​

​ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​និយាយថា លោក​អា​មី​រ៉ាប់​ឌុល​ឡា​ហ៊ី​យ៉ាន​បាន​បដិសេធ​ការផ្តល់ដ្រូន​ដល់​រុស្ស៊ី ហើយ​បាន​ទទូចថា រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់​ផ្តោត​លើ​កិច្ចខិតខំ​ប្រឹងប្រែ​ង​សម្រាប់​ការសន្ទនា​និង​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់សង្គ្រាម​។ របាយការណ៍​ក៏បាន​ដកស្រង់​សម្តី​អ្នកការទូត​កំពូល​អ៊ីរ៉ង់​ផងដែរ ដោយ​និយាយថា សហរដ្ឋ​អាម៉េរិក​និង​លោក​ខាងលិច​គួរតែបញ្ឈប់​អ្វីដែល​គាត់​បាន​ពណ៌នា​ថា​ជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​លើ​អ៊ីរ៉ង់​។​

​ក្រសួង​បាន​បន្ថែមថា លោក​ហា​យ៉ា​ស៊ីក៏​បានសម្តែង​ការព្រួ​យ​បារម្ភ​យ៉ាងខ្លាំង​អំពី​ការពង្រីក​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផងដែរ និង​បាន​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​ពេញលេញ​និង​គ្មាន​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់​ជាមួយ​ទីភ្នាក់ងារ​ថាមព​ល​អា​តូមិ​ក​អន្តរជាតិ​៕

លោក​អា​មី​រ៉ាប់​ឌុល​ឡា​ហ៊ី​យ៉ាន​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន​គី​ស៊ី​ដា (​ស្តាំ​) ក្នុង​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​សីហា