ស៊ូ​ថេប​៖ ក្រុមចម្រុះ​ដែល​គាំទ្រ​របប​យោធា​ថៃ នឹង​បង្កើត​រដ្ឋាភិបាល​នាពេល​អនាគត​

3032
ចែករម្លែក

បណ្តាក្រុមនយោបាយដែលគាំទ្ររបបយោធាថៃកាលពីថ្ងៃម្សិលមិញបានអះអាងថា ការបោះឆ្នោតនាពេលខាងមុខនឹងមានក្រុមចម្រុះមួយផុសឡើង​ហើយព្យាករណ៍ថាក្រុមរបស់អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស៊ីណាវ៉ាត និងគណបក្សភឿថៃនឹងចាញ់ឆ្នោត។

ស៊ូថេប ធឿកស៊ូបាន មេដឹកនាំសំខាន់ម្នាក់នៃគណបក្សអំពើក្រុមចម្រុះថៃ(ACT)កាលពីថ្ងៃអាទិត្យទី២៩កក្កដា បានសម្តែងជំនឿចិត្តថា គណបក្សគាំទ្រយោធានេះនឹងជាផ្នែកនៃរដ្ឋាភិបាលនាពេលខាងមុខ។លោកថា ការបោះឆ្នោតនាពេលខាងមុខនឹងមិនមានបក្សណាឈ្នះដាច់ទេ និងរដ្ឋាភិបាលមានតែចម្រុះ។

នៅពេលត្រូវបានសួរថាតើ ACTនឹងចូលរួមជាមួយបក្សភឿថៃទេ បើគណបក្សដែលគាំទ្រអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីនមួយនេះឈ្នះបានកៅអីសភាច្រើនបំផុតនោះ លោកស៊ូថេប បាននិយាយថាលោកអាចអះអាងថា ភឿថៃនឹងមិនជាផ្នែកនៃរដ្ឋាភិបាលនោះទេ។

លោកស៊ូថេប បានធ្វើការអះអាងដូច្នេះបន្ទាប់ពីលោកថាក់ស៊ីន បានសម្តែងជំនឿចិត្តថា គណបក្សភឿថៃដែលលោកគាំទ្រ នឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

តែលោកស៊ូថេបបាននិយាយថា”នោះជាសម្តីរបស់ថាក់ស៊ីន តែនេះជាអ្វីដែលខ្ញុំនិយាយ”។

លោកស៊ូថេប បានបដិសេធមិនព្រមឆ្លើយនឹងសំណួរថាតើACTនឹងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យដែលជាបក្សដើមរបស់លោកដែរឬអត់ ដើម្បីបង្កើតរដ្ឋាភិបាលមួយ។លោកបានពន្យល់ថា លោកលែងជាសមាជិកបក្សប្រជាធិបតេយ្យ និងក៏មិនមា​នការពិភាក្សាអំពីសម្ពន្ធភាពចាស់ដែរ។

ក្នុងពេលជាមួយគ្នា មន្រ្តីនៃក្រុមមួយដែលហៅខ្លួនឯងថា ក្រុមសម្ពន្ធមិត្ត៣ (Sam Mitr )បាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចានអូចាអាចមានប្រជាប្រិយភាពជាងអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន។Sam Mitrជឿថានឹងទាក់ទាញអតីតសមាជិកសភាកពីបក្សផ្សេងៗអោយបង្កើតបក្សនយោបាយមួយដើម្បីគាំទ្រលោកប្រាយុទ្ធ សំរាប់ការបោះឆ្នោតនាពេលខាងមុខ៕ដោយ៖វាសនា

ស៊ូថេប ធឿកស៊ូបាន ធ្លាប់ជាមេដឹកនាំបាតុកម្មតវ៉ាតាមដងផ្លូវដែលបើកផ្លូវអោយយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល

ទីតាំងផ្សាយពាណិជ្ជកម្ម