ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក តារ៉ូ អាសូ(Taro Aso )កាលពីថ្ងៃអង្គារបានព្រមានវេទិការសន្តិសុខតៃវ៉ាន់មួយថា សហគមន៍អន្តរជាតិត្រូវតែ«ភ្ញាក់ខ្លួន»ចំពោះស្ថានការណ៍កាន់តែអាក្រក់ឡើងជុំវិញច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកមួយខណ្ឌចែកកោះតៃវ៉ាន់ពីចិនដីគោក។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់ស្ថិតក្រោមសម្ពាធយោធានិងនយោបាយកាន់តែកើនឡើងមកពីចិនប៉េកាំងដែលអះអាងថា កោះសេរីនិយមនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានប្តេជ្ញានាំវាមកបង្រួបបង្រួមជាមួយចិនដីគោកវិញ ហើយអាចប្រើកម្លាំងដើម្បីចាប់យកក្នុងករណីចាំបាច់។
នៅមួយឆ្នាំមកនេះ កងទ័ពចិនបានធ្វើសមយុទ្ធធំពីរនៅជុំវិញកោះ ដោយធ្វើដូចជាបិទខ្ទប់កោះតៃវ៉ាន់និងបាញ់កាំជ្រួចនិងបញ្ជូនយន្តហោះយោធាទ្រង់ទ្រាយធំកាន់តែញឹកញាប់ឡើងចូលទៅកៀកៗកោះនេះ។
អតីតមេដឹកនាំវ័យ៨២ឆ្នាំរូបនេះបាននិយាយថា «សមយុទ្ធបាញ់គ្រាប់ពិតក៏បានប៉ះពាល់ប្រទេសក្បែរខាងតៃវ៉ាន់នៅប៉ែកឦសាន នៅពេលកាំជ្រួចផ្លោងត្រូវបានបាញ់នៅក្បែរឆ្នេរជប៉ុន។បញ្ហាសំខាន់សំរាប់យើងនៅពេលឥឡូវគឺថា មិនគួរមានសង្រ្គាមនៅក្នុងតំបន់ រួមទាំងនៅច្រកសមុទ្រតៃវ៉ាន់។យើងត្រូវតែភ្ញាក់ខ្លួនឡើងនៅពេលឥឡូវ។ចាប់ពីតៃវ៉ាន់ដល់អាម៉េរិកនិងប្រទេសមានចិត្តគំនិតដូចគ្នាដទៃទៀត វាដល់ពេលបង្ហាញឆន្ទៈនិងការតាំងចិត្តរបស់យើងដើម្បីប្រយុទ្ធ និងអំណាចរារាំងរបស់យើង»។
លោកបាននិយាយាថាក្នុងនាមជាប្រទេសមួយនៅក្បែរកោះតៃវ៉ាន់ ជប៉ុន«គួរជាអ្នកដំបូងគេដែលបង្ហាញឥរិយាបទរបស់យើងនិងក៏បញ្ជូនសារច្បាស់ទៅកាន់សហគមន៍អន្តរជាតិរួមទាំងចិន។ការរក្សាសណ្តាប់ធ្នាប់អន្តរជាតិបើកចំហនិងសេរីមួយផ្អែកលើតំលៃសកលនិងការអនុវត្តនីតិរដ្ឋ ជាពិសេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាបញ្ហាធំមួយនៃការស្លាប់រស់សំរាប់សន្តិសុខជប៉ុន»។
អាសូ នៅតែជាអ្នកនយោបាយមានឥទ្ធិពលក្នុងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច។លោកត្រូវបានចាត់ទុកជាអ្នកនយោបាជប៉ុនដែលប្រទូសរ៉ាយបំផុតជាមួយចិនប៉េកាំង។កាលពីឆ្នាំ២០២១ កាលពីជាឧបនាយករដ្ឋមន្រ្តីជប៉ុនលោកបាននិយាយថា ជប៉ុនរួមជាមួយអាម៉េរិកចាំបាច់ត្រូវការពារតៃវ៉ាន់បើសិនជាកោះនេះត្រូវឈ្លានពាន។
នៅថ្ងៃអង្គារទី៨សីហា ២០២៣នេះ លោកបានពោលឃ្លាដដែលឡើងវិញគឺថា«ជប៉ុននិងអាម៉េរិកត្រូវតែបង្ហាញការប្តេជ្ញាចិត្តប្រយុទ្ធដើម្បីតៃវ៉ាន់»។
ពេលនោះកាលពីឆ្នាំ២០២១ សារព័ត៌មានក្យូដូបានស្រង់សម្តីរបស់លោកដែលថា បើចិនវាយប្រហារតៃវ៉ាន់ «កោះអូគីណាវ៉ាអាចជាគោលដៅបន្ទាប់»ហើយបើកើតមានស្ថានភាពគ្រាអាសន្នណាមួយអំពីតៃវ៉ាន់ គេគួរដោះស្រាយតាមការចរចា។
ភ្លាមៗក្រោយការចេញផ្សាយរសម្តីរបស់អាសូ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រតិកម្មដោយនិយាយថា« សម្តីដូច្នេះជាការខុសឆ្គងនិងគ្រោះថ្នាក់ណាស់។ចិនប្រឆាំងនឹងសម្តីរបស់អាសូ»។
«យោធានិយកជប៉ុនបានប្រព្រឹត្តឧក្រិដ្ឋរាប់មិនអស់ក្នុងពេលខ្លួនឈ្លានពាននិងដាក់អាណានិគមលើចិន។យើងនឹងមិនអនុញ្ញាតអោយប្រទេសណាមួយចូលជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ទោះក្នុងវិធីណាមួយក៏ដោយ។គេមិនត្រូវមើលស្រាលការតាំងចិត្តនិងលទ្ធភាពរឹងមាំរបស់ចិននៅក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន»ឡើយ៕
អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក តារ៉ូ អាសូ