ដោយៈ ភ្នំខៀវ / បាត់ដំបងៈ សំរាមសំណល់រឹងក្នុងទីក្រុុងបាត់ដំបង មានចំនួនកើនឡើង ចន្លោះពី ១២០ ទៅ ១៤០ តោន ក្នុងមួយថ្ងៃៗ មន្ត្រីជំនាញសាកល្បងកម្មវិធីប្រព័ន្ធថ្នាល ជាតិ ដើម្បីគ្រប់គ្រងលើកកម្ពស់វិស័យទេសចរណ៍។

ផ្តើមចេញពីបញ្ហាជាច្រើន ពីការចោលសំរាម គ្មានសណ្ដាប់ធ្នាប់ បង្កឱ្យមានក្លិនស្អុយ និងផលប៉ះពាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថាៈ ការអនុវត្តសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹង តាមប្រព័ន្ធថ្នាលជាតិ គឺដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការប្រមូលនិងដឹកជញ្ជូន សំរាម សំណល់រឹងទីប្រជុំជន ស្របតាមគោលការណ៍ប្រមូលឲ្យអស់ ប្រមូលឲ្យស្អាត ប្រមូលឲ្យទាន់ពេល និងប្រមូលឲ្យមាននិរន្តរភាព ។

លោក អភិបាលខេត្ត បានឲ្យដឹងបន្ថែមថាៈ កម្មវិធីថ្មីមួយរបស់ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យ ទីក្រុងបាត់ដំបង អស់សំរាម គ្មានថង់ប្លាស្ទិក ហើរតាមខ្យល់ ឬនៅតាមទីសាធារណៈ នានា ក៏ផ្តោតសំខាន់ដល់ការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាកម្សាន្ត ស្នាក់នៅ និងដាក់ទុនវិនិយោគ ធ្វើឲ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងផងដែរ។

លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹង បានបញ្ជាក់ដែរថាៈ ទន្ទឹមនឹងការវិវឌ្ឍន៍រីក ចម្រើន ទាំងសេដ្ឋកិច្ចជាតិ ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បញ្ហាសំរាមសំណល់ រឹង ក៏បានក្លាយទៅជាប្រធានបទដ៏សំខាន់ទៀតដែរ ដែលត្រូវយកចិត្តទុកដាក់ ព្រោះបច្ចុប្បន្នកំណើនសំរាម សំណល់រឹងក៏មានការកើនឡើង។

សំរាមបានកើនឡើងដល់ ៤ លានតោន ក្នុងមួយឆ្នាំ នៅទូទាំងប្រទេសកម្ពុជា ដោយឡែក នៅក្នុងក្រុុងបាត់ដំបង សំរាមសំណល់រឹង មានប្រមាណពី ១២០ ដល់ ១៤០ តោន ក្នុងមួយថ្ងៃ ដែលតួលេខនេះ បានធ្វើឲ្យយើងមន្ត្រីពាក់ព័ន្ធមានការព្រួយបារម្ភ៕/V/R