ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្ត្រីម្នាក់ ដែលមានមុខមាត់ដូចគ្នាបេះបិទនឹងម្តាយរបស់នាង បានសារភាពថា អ្នកទាំងពីរតែងតែត្រូវគេច្រឡំថាជាកូនភ្លោះ ទោះបីជាមានគម្លាតអាយុ ៣៣ ឆ្នាំក៏ដោយ ហើយអះអាងថាភាពស្រដៀងគ្នានេះកំពុងប៉ះពាល់ដល់ជីវិតស្នេហារបស់នាង។
កូនស្រីឈ្មោះ ហ្គាព្រីលឡា (Gabriella) អាយុ ២៣ ឆ្នាំ និងម្តាយកូនបីឈ្មោះ កាធឺរីន ហ្គាឡាសសូ វីហ្គោរីតូ (Catherine Galasso-Vigorito) អាយុ ៥៦ ឆ្នាំបានអួតអំពីភាពស្រដៀងគ្នានៃរូបរាងកាយ ហើយបានភ្ជាប់ទំនាក់ទំនងគ្នានេះបន្ថែមទៀតជាមួយឈុតសម្លៀកបំពាក់ដូចគ្នា ដោយស្លៀកពាក់ស្រដៀងគ្នា និងសូម្បីតែចូលរួមក្នុងការប្រកួតបវរកញ្ញាដូចគ្នាទៀត។
ប៉ុន្តែទំនាក់ទំនង “មិនអាចបំបែកបាន” របស់ពួកគេបានបង្កឱ្យមានបញ្ហានៅក្នុងគ្រួសាររបស់ពួកគេ ដោយបងប្អូនបង្កើតរបស់ហ្គាព្រីលឡា គឺ ឡូរិន (Lauren) អាយុ ២៤ ឆ្នាំ និង សូហ្វីយ៉ា (Sophia) អាយុ ១៨ ឆ្នាំ ជារឿយៗមានអារម្មណ៍មិនសូវពេញចិត្តចំពោះស្ទីល “កូពីតាមគ្នា” ទៅវិញទៅមករបស់ពួកគេទេ។
វាថែមទាំងបានបង្កើតបញ្ហាសម្រាប់ជីវិតស្នេហារបស់នាងហ្គាព្រីលឡាទៀតផង ដោយអ្នកតាមចែចូវជាច្រើន “ភិតភ័យ” ចំពោះភាពស្និទ្ធស្នាលរបស់នាងនិងលោកស្រីកាធឺរីន។
នាងហ្គាព្រីលឡា ជាអ្នកជំនាញផ្នែកសម្ផស្សនិងជាអ្នកបង្កើតមាតិកាអនឡាញ បានប្រាប់វេបសាយ NeedToKnow.co.uk ថា “ម្តាយខ្ញុំការពារខ្ញុំខ្លាំងណាស់ ដូច្នេះវាបង្កឱ្យមានបញ្ហាមួយចំនួន [ក្នុងទំនាក់ទំនង] ដោយសារតែគាត់ចង់ឱ្យខ្ញុំដើរលេងជាមួយគាត់ជានិច្ច មិនអាចមានអ្នកផ្សេងទេ”។
នាងបានបកស្រាយថា “ម្តាយខ្ញុំចង់ឱ្យខ្ញុំស្រលាញ់តែគាត់ប៉ុណ្ណោះ។ នៅពេលខ្ញុំមានមិត្តប្រុស ម៉ាក់និយាយថាយើងកំពុងស្ថិតក្នុងស្នេហាត្រីកោណ…ដូច្នេះទំនាក់ទំនងគឺជាមួយខ្ញុំ ម៉ាក់ខ្ញុំ និងប្រុសរបស់ខ្ញុំ”។
នាងហ្គាព្រីលឡាបានសារភាពថា “វាជារឿងមិនធម្មតាទេ ប៉ុន្តែនេះជារបៀបដែលយើងនៅជាមួយគ្នាជាទម្លាប់ទៅហើយ”៕
នាងហ្គាព្រីលឡានិងម្តាយទៅណាមកណាជាមួយគ្នានិងស្លៀកពាក់ឈុតដូចគ្នា នាំឱ្យមនុស្សគ្រប់គ្នាច្រឡំស្មានតែកូនភ្លោះ