ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ គណបក្សភឿថៃបាននាំគណបក្សនយោបាយតូចៗប្រាំមួយទៀតចូលក្នុងសម្ពន្ធភាពរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលចំរុះមួយ ដោយបង្កើនចំនួនអាសនៈសភាក្នុងក្រុមចំរុះនេះកើនដល់២៣៨។
កាលពីថ្ងៃចន្ទ បក្សភឿថៃបានប្រកាសចងសម្ពន្ធភាពជាមួយបក្សភូមចៃថៃដែលជាបក្សទទួលបានអាសនៈសភាច្រើនលំដាប់ទីបី(៧១)។បូករួមទាំង១៤១អាសនៈរបស់ភឿថៃ បក្សទាំងពីរបង្កើតបានសម្លេង២១២នៅក្នុងសភា។ទោះជាយ៉ាងណាគណបក្សចូលរួមថ្មីចំនួនប្រាំមួយនេះ បន្ថែមសម្លេងសភាបានត្រឹមតែ១៦អាសនៈទៀតប៉ុណ្ណោះ។
សមាជិភឿថៃ និងបក្សប្រាំមួយថ្មីបានប្រកាសសម្ពន្ធភាពរបស់គេនៅសភាកាលពីថ្ងៃពុធ។
ប្រធានបក្សភឿថៃលោក ឆុលណាន ស្រ៊ីកែវ បាននិយាយថាគណបក្សរបស់លោកឥឡូវរកបានសមាជិកសភា២៣៨ក្នុងការស្វះស្វែងរកការគាំទ្រសំរាប់រដ្ឋាភិបាលចំរុះដឹកនាំដោយភឿថៃ។
លោកឆុលណាន បាននិយាយថា «ភឿថៃនិងក្រុមចំរុះរបស់ខ្លួនសង្ឃឹមថានឹងអាចសម្រាលភាពតានតឹងនយោបាយ ហើយនឹងស្វះស្វែងរកការគាំទ្រពីគ្រប់ភាគី រួមមានសមាជិកសភាជាប់ឆ្នោតនិងសមាជិកព្រឹទ្ធសភាតាមរយៈការតែងតាំង ដើម្បីគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន»។
ការបង្កើតសម្ពន្ធភាពថ្មីនេះកើតឡើងក្រោយភឿថៃទម្លាក់ចោលដៃគូដែលមានអាសនៈសភាច្រើនជាងគេ(១៥១)គឺបក្សកាវក្លៃ ឬឈានទៅមុខ(MFP) ក្រោយពីក្រុមចំរុះដឹកនាំដោយMFPបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលកែទំរង់មួយ។
ភឿថៃ នឹងតែងតាំងសេដ្ឋីអចលនទ្រព្យ ស្រេតថា ថាវីស៊ីន ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន៕
កាលពីថ្ងៃចន្ទ បក្សភឿថៃបានប្រកាសចងសម្ពន្ធភាពជាមួយបក្សភូមចៃថៃ ក្រោយបោះបង់ចោលMFP ដោយសារមិនអាចបង្កើតរដ្ឋាភិបាលថ្មីមួយបាន