ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា បានថ្លែងក្នុសន្និសីទកាសែត កាលពីថ្ងៃទី៩ សីហា ម្សិលមិញថា ការប្រកួតកីឡាបឋមសិក្សា ធ្វើឡើងក្នុងគោលបំណង៤។
គោលបំណងទាំង៤នោះ រួមមាន ទី១៖បំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានីខេត្ត។ ទី២៖ជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផល ល្អប្រសើរ លើការប្រកួតទទួលបានលទ្ធផល ការសិក្សាល្អ និងជីវភាពរស់នៅ សុខដុមរមនា។ ទី៣៖លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបាន ជាកីឡាករ កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតលើឆាកជាតិ និងអន្ដរជាតិ នានា។ ទី៤៖បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នាស្គាល់គ្នា ចងមិត្តភាពសាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នា នៅក្នុងសង្គម ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយ មុខផ្សេងៗ។
ចំពោះកម្មវិធីប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះដែរ ត្រូវបានក្រសួងអប់រំ បង្កើនប្រភេទកីឡា និងវិញ្ញាច្រើនជាងមុន ពោលគឺមានកីឡា ១០ប្រភេទ ស្មើនឹង ៥១វិញ្ញាសា ត្រូវបានកំណត់ដាក់ក្នុងការប្រកួត រួមមាន កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT(World Taekwondo), តេក្វាន់ដូ ITF(International Taekwondo Federation), ប៉េតង់ និងកីឡាគុនល្បុក្កតោ ដែលត្រូវធ្វើការប្រកួតាមបណ្ដា ទីលាននានា ក្នុងរាជធានីភ្នំពេញ។
បើតាមការឲ្យដឹងពីលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិ ការណ៍កីឡានោះថា ការប្រកួតកីឡាកម្រិតសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ២១ ខែសីហា ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី មកពីតាមបណ្ដារាជធានី-ខេត្តជិត ៣ ពាន់នាក់ ចូលរួម ៕/V/R