​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ជម្លោះ​រវាង​នាង បា​ប៊ី ស៊ូ (Barbie Hsu) ឬ​ហៅ​សាន់​ឆាយ និង​អតីត​ស្វាមី លោក វ៉ាង សៀវ​ហ្វេ​យ (Wang Xiaofei) ហាក់​មិន​ចេះ​ចប់​សោះ​។​

​លើក​នេះ​តារា​ស្រី​តៃវ៉ាន់​កំពុង​ប្តឹង​លោក​វ៉ាង ជា​អ្នកជំនួញ​ចិន និង អតីត​ម្តាយក្មេក​ពី​បទ​បរិហារកេរ្តិ៍​។​

​នៅក្នុង​សារ​បង្ហោះ​លើ Weibo កាលពី​ថ្ងៃ​អង្គារ នាង​ស៊ូ វ័យ ៤៦ ឆ្នាំ​បាន​ចែករំលែក​សេចក្តីថ្លែងការណ៍​មួយ ដែល​បង្ហាញ​ថា ក្រុម​មេធាវី​របស់​នាង​នឹង​បន្ត​ចាត់​វិធានការ​ប្រឆាំង​នឹង​លោក​វ៉ាង អាយុ ៤២ ឆ្នាំ និង ម្តាយ​របស់​គាត់​ឈ្មោះ ចាង ឡាន (Zhang Lan) អាយុ ៦៥ ឆ្នាំ​ពី​បទ​ប្រមាថ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​នាង​នៅ​លើ​វេទិកា​អន​ឡាញ​ជាច្រើន​ដូចជា Weibo និង Douyin ។​

​លិខិត​ផ្លូវច្បាប់​បានបញ្ជាក់​ថា លោកស្រី​ចាង ដែល​ជា​សហគ្រិន​ជនជាតិ​ចិន បាន​ជេរ​ប្រមាថ​នាង​ស៊ូ​នៅលើ​បណ្តាញ​ឡាយ​ស្ទ្រី​ម​របស់ Douyin ចាប់តាំងពី​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈ​លោក​វ៉ា​ង​បាន​បន្ត​បញ្ចេញ​ពាក្យ​ប្រមាថ​តាម​អន​ឡាញ​ចាប់តាំងពី​ចុងឆ្នាំ ២០២២​។​

​មេធាវី​របស់​នាង​ស៊ូ​បាន​បន្ថែម​ថា​នឹង​ចាត់វិធានការ​ផងដែរ​ប្រឆាំង​នឹង​ការជេរប្រមាថ ដែល​តារា​ស្រី​រូបនេះ បាន​ទទួល​រង​ពី​អ្នក​និយម​លេង​អ៊ីនធឺណិត ដោយសារតែ​ការបរិហារកេរ្តិ៍​នេះ​។​

​គូស្នេហ៍​ដែលមាន​ជម្លោះ​នេះ​បានប្រកាស​លែងលះ​គ្នា​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោយ​រៀបការ​បាន​១១​ឆ្នាំ​។ ពួកគេ​មាន​កូនស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ និង​កូនប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​។​

​ចាប់តាំងពី​ពេលនោះ​មក អ្នក​ទាំង​ពីរ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ដោយ​នាង​ស៊ូ​អះអាងថា លោក​វ៉ាង​មិន​បាន​ផ្តល់​ការថែទាំ​មាតុ​ភាព ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​លែងលះ​របស់​ពួកគេ​ទេ​។​

​ចំណែក​លោក​វ៉ាង​បាន​បង្ហោះ​ទស្សនៈ​របស់​ខ្លួន​លើ​អតីត​ភរិយា ស្វាមី​ថ្មី​របស់​នាង គឺ​ឌី​ជេ គូ (DJ Koo) អាយុ ៥៣ ឆ្នាំ និង ប្អូនស្រី​របស់​នាង ដែល​ជា​ពិធី​ការិនី​-​តារា​សម្ដែង ឈ្មោះ ឌី ស៊ូ (Dee Hsu) អាយុ ៤៤ ឆ្នាំ នៅលើ​បណ្តាញ​សង្គម ដោយ​ចោទប្រកាន់​ពី​ភាពមិនស្មោះត្រង់ ការប្រើប្រាស់​គ្រឿងញៀន និង សូម្បី​ប្រើប្រាស់​ទឹក​ភ្លើង​ច្រើន​ហួសហេតុ ដែល​លោក​បាន​អះអាង​ថា​នៅ​តែ​ជា​អ្នកចេញលុយ​ឱ្យ​៕

នាង​សាន់​ឆាយ និង លោក​វ៉ាង