ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធទី៩សីហា បានចាត់ថ្នាក់ប្រភេទមេរោគ EG.5 ដែលកំពុងចរាចរនៅសហរដ្ឋអាម៉េរិកនិងប្រទេសចិនថាជា “មេរោគបំប្លែងគួរឱ្យចាប់អារម្មណ៍” (VOI) ប៉ុន្តែបាននិយាយថា វាហាក់ដូចជាមិនបង្កការគំរាមកំហែងដល់សុខភាពសាធារណៈខ្លាំងជាងប្រភេទមេរោគបំប្លែងផ្សេងនោះទេ។
មេរោគបំប្លែងឆ្លងរាលដាលលឿនបំផុតនេះ ដែលកំពុងរីករាលដាលខ្លាំងបំផុតនៅក្នុងសហរដ្ឋអាម៉េរិកជាមួយករណីឆ្លងប៉ាន់ស្មានជាង ១៧% នៃករណីឆ្លងទាំងអស់ គឺស្ថិតនៅពីក្រោយការកើនឡើងនៃករណីកូវីដនៅទូទាំងប្រទេស ហើយត្រូវបានរកឃើញផងដែរនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងកាណាដា ក្នុងចំណោម ប្រទេសផ្សេងទៀត។
WHO បាននិយាយនៅក្នុងការវាយតម្លៃហានិភ័យថា “ជារួម ភស្តុតាងដែលអាចរកបាន មិនបង្ហាញថា EG.5 មានហានិភ័យសុខភាពសាធារណៈបន្ថែមទាក់ទងនឹងពូជអូមីក្រុងផ្សេងទៀតដែលកំពុងចរាចរនាពេលបច្ចុប្បន្ននេះទេ”។
WHO បានបន្ថែមថា ការវាយតម្លៃទូលំទូលាយបន្ថែមទៀតនៃហានិភ័យដែលបង្កឡើងដោយ EG.5 ដែលគេស្គាល់ថា Eris គឺត្រូវការចាំបាច់។
សូមបញ្ជាក់ថា កូវីដ១៩ បានសម្លាប់មនុស្សជាង ៦,៩ លាននាក់នៅទូទាំងពិភពលោក ជាមួយនឹងករណីជាង ៧៦៨ លាន ដែលត្រូវបានបញ្ជាក់ ចាប់តាំងពីមេរោគនេះបានលេចឡើង។ WHO បានប្រកាសការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដនៅក្នុងខែមីនាឆ្នាំ ២០២០ និងបានបញ្ចប់ស្ថានភាពអាសន្នជាសកលសម្រាប់កូវីដ១៩ ក្នុងខែឧសភាឆ្នាំនេះ៕
មេរោគបំប្លែង EG.5 កំពុងឆ្លងរាលដាលនៅសហរដ្ឋអាម៉េរិកនិងចិន