ដោយៈមុនីរ័ត្ន / ភ្នំពេញៈ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសជប៉ុនថា ទីភ្នាក់ងារជាតិឧតុនិយមជប៉ុន បានចេញសេចក្តី ព្រមាន អំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិស ខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku ។
ឥទ្ធិពលព្យុះនេះ បានធ្វើអោយមានភ្លៀងធ្លាក់ខ្លាំង នៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ នៅផ្នែកជាប់មហាសមុទ្រ ប៉ាស៊ីហ្វិក ផងដែរ ។ អាជ្ញាធរ បានចេញសេចក្តីព្រមាន ពាក់ព័ន្ធនឹងការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ ។
សូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ។ ក្នុងករណីបងប្អូន បានទទួល ព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែល រងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូត ជាបន្ទាន់ តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤ ។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពីជំងឺឆ្លងនានា ៕/V/R