​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ គណបក្ស​ភឿ​ថៃ​នៅ​ថ្ងៃ​១០​សីហា​នេះ​បាន​ស្វាគមន៍​គណបក្ស​ឆាត​ថៃ​ផា​តា​ណា​(Chatthaipattana)​ដែល​កាន់កាប់​កៅអី​សភា​១០ អោយចូលមកក្នុង​ក្រុម​ចំរុះ​របស់​ខ្លួន​ជាហេតុ​នាំ​អោយ​សម្ពន្ធភាព​ប្រាំបួនគណបក្សនេះ​កើន​សម្លេង​សភា​ដល់​២៣៨​ក្នុង​សភា​ដែលមាន​៥០០​អាសនៈ​។​

​គណបក្ស​ទាំង​ពីរ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ការ​តាំងចិត្ត​សហការ​​មក​ពី​គ្រប់​គណបក្ស​នយោបាយ​និង​ព្រឹទ្ធសភា​សំរាប់​ការជ្រើសរើស​នាយ​ក​រដ្ឋ​មន្ត្រី​ម្នាក់​និង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។​

​ប្រធាន​បក្ស​ភឿ​ថៃ​លោក ឆុ​លណាន ស្រ៊ី​កែវ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​នៅ​សភា​ថា ប្រទេស​ស្ថិតក្នុង​ស្ថានការណ៍​នយោបាយ​ប្លែក​ពី​គេ​និង​ទាមទារ​គណបក្ស​ទាំងអស់​រួម​កម្លាំង​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ធម្មនុញ្ញ ការ​ប្រឈម​សេដ្ឋកិច្ច​និង​ជម្លោះ​សង្គម​។​

​គណបក្ស​ទាំង​ពីរ​បាន​ទទូច​សុំ​សារ​ធា​រណ​ជន​មាន​ជំនឿ​លើ​សម្ពន្ធភាព​នយោបាយ​ថ្មី​នេះ ដែល​ចង់​អោយ​សង្គម​ថៃ​វិល​ទៅ​រក​ប្រក្រតីភាព​អោយបាន​ឆាប់​។​

​ចំណែក​ប្រធាន​បក្ស ឆាត​ថៃ​ផា​តា​ណា​បាន​អរគុណ​ភឿ​ថៃ​ដែល​បាន​អញ្ជើញ​គណបក្ស​លោក​អោយ​ចូលរួម​ក្នុង​ក្រុម​ចំរុះ​នេះ ហើយ​រីករាយ​នឹង​ការ​ធ្វើ​ជា​ដៃគូ​។​

​ជាមួយនឹង​ការចូលរួម​របស់​ឆាត​ថៃ​ផា​តា​ណា​មួយ​ទៀត ក្រុម​ចំរុះ​នេះ​ឥឡូវ​មាន​ប្រាំបួន​គណបក្ស រួម​បក្ស​ធំ​លំដាប់​ទី​បី គឺ​បក្ស​ភូម​ចៃ​ថៃ ដែល​មាន​អាសនៈ​សភា​៧១​។​

​ក្រុមចំរុះ​ប្រាំបី​គណបក្ស​មុន ដឹកនាំ​ដោយ​បក្ស​ឈ្នះ​ឆ្នោត​លំដាប់​ទីមួយ គឺ​បក្ស​ឈាន​ទៅ​មុខ​MFP​មាន​អាសនៈ​សភា​សរុប​៣១២​តែ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​MFP​មិន​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​ពី​សមាជិក​សភា​និង​ព្រឹទ្ធសភា​សំរាប់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ទេ ។​

​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​នាពេល​ខាងមុខ​អាច​ធ្វើឡើង​នៅ​សប្តាហ៍​ក្រោយ អាស្រ័យ​លើ​ល​ទ្ធ​ផល​នៃ​កិច្ចប្រជុំ​របស់​តុលាការ​ធម្មនុញ្ញ​នៅ​ថ្ងៃ​១៦​សីហា ដើម្បី​ពិនិត្យ​បណ្តឹង​មួយ​របស់​MFP​ប្រឆាំង​នឹង​ការ​សំរេច​របស់​សភា​ក្នុង​ការរារាំង​ការតែងតាំង​មេដឹកនាំ​MFP​ជា​លើក​ទី​ពីរ​សំរាប់​តំណែងបេក្ខជន​នាយករដ្ឋមន្ត្រី៕

​មន្ត្រី​ភឿ​ថៃ​និង​ឆាត​ថៃ​ផា​តា​ណា ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍