ដោយបាយ័ន/សៀមរាបៈ បើគិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលស្ថិតក្នុងក្រុងសៀមរាប បានដំណើរការសាងសង់ប្រមាណ ៨០ភាគរយហើយ។នេះបើតាមប្រភពព័ត៍មានរបស់មន្ទីរព័ត៍មានខេត្តសៀមរាប ដែលដកស្រង់ពីសំដីអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

លោក វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ តាមរយៈអ្នកបកប្រែ បង្ហាញថាបច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប មានអគារសរុប ៣៣អគារ ក្នុងនោះ គ្រែសម្រាក សម្រាប់ស្ត្រីទើបសម្រាល មានចំនួនសរុប ២៥០គ្រែ។ ចំនួននេះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់កំណើនស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យមួយនេះឡើយ រហូតស្ត្រីមុនសម្រាល និងក្រោយសម្រាលមួយចំនួន ត្រូវសម្រាកនៅលើកម្រាល ខណៈគ្រែសម្រាកបានប្រើប្រាស់អស់។

ដោយឡែក សម្រាប់ទារកទើបសម្រាល តម្រូវឱ្យគេងរហូតដល់ចំនួន ៣នាក់ នៅលើកគ្រែតែមួយ ដែលបញ្ហាទាំងនេះបង្កឱ្យមានការលំបាកទាំងអ្នកមកទទួលសេវា និងក្រុមការងារមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា អគារដែលមានតម្លៃ ,២លានដុល្លារអាមេរិកនេះ អាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុងនោះ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល ហើយក៏នឹងមានអគារបំពាក់សម្ភារៈសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។

លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសប្បុរសជននៅប្រទេសស្វីស និងបណ្ដាប្រទេសនានា ដែលបានបន្តឧបត្ថម្ថគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រទេសកម្ពជា ទោះបីលោកវេជ្ជបណ្ឌិត ប៊ីអាត រីចន្នើរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាពអស់រយៈពេល ៥ឆ្នាំហើយក្ដី។

គួរជម្រាបថា មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ទទួលពិនិត្យជំងឺកុមារចំនួនចន្លោះពី ១០០០ ទៅ១៥០០នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០នាក់ ទៅ ៣៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែក ផ្នែកសម្ភព ពិនិត្យស្ត្រីមានផ្ទៃពោះចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ និងសម្រាលទារកចំនួនចន្លោះពី ៦០ ទៅ៨០នាក់ក្នុងមួយថ្ងៃ៕/PC