​ប្រែ​សម្រួលៈ​បំណង​(VvExpress)៖ ស្ត្រី​វៀតណាម​ម្នាក់​នៅក្នុង​ខេត្ត​គៀន​យ៉ាង​( Kien Giang)​ភាគខាងត្បូង ជាប់ចោទ​ពី​បទ​ដឹកនាំ​ក្រុម​ជួយ​ដូរ​អាវុធ​មួយ ដែល​បាន​បញ្ជូន​កាំភ្លើង​ខ្លី​ជាង​៦០០​ដើម​ពីខេត្ត​ញ៉ា​ត្រាង​(Nha Trang)​មក​កាន់​ខេត្ត​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​នេះ​។​

​នាង វូ ធី ឌី​អេប (Vu Thi Diep)​អាយុ​៣៣​ឆ្នាំ ជាមួយនឹង​ហ្សឿ​ង មិញ ទ័ន​( Duong Minh Tuan)​អាយុ​៣១​ឆ្នាំ រួម​នឹង​ជន​សមគំនិត​១៥​នាក់​ទៀត​ត្រូវបាន​នាំ​ឡើង​តុល​ការ​ប្រជាជន​ខេត្ត​គៀន​យ៉ាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​កាត់ទោស​ចំពោះ​ការផលិត ស្តុក​ទុក ដឹកជញ្ជូន ប្រើ​និង​មាន​សព្វាវុធ​យោធា​ដោយ​ខុសច្បាប់​។​

​នាង វូ ធី ឌី​អេប ឈរ​នៅ​ក្នុង​តុលាការ​ប្រជាជន​ខេត្ត​គៀន​យ៉ាង កាលពី​ថ្ងៃ​១០​សីហា

​កាលពី​ខែ​សីហា ឆ្នាំ​២០២០ ប៉ូលិស​ខេត្ត​គៀន​យ៉ាង បាន​ចាប់ខ្លួន​ទ័ន​ចំពោះ​ការ​លាក់​ទុក​ថ្នាំញៀន​នៅ​សណ្ឋាគារ​មួយ​​។​ការឆែកឆេរ​នៅផ្ទះ​របស់​ទ័ន បង្ហាញ​ឧបករណ៍​ជាច្រើន​សំរាប់​ផលិត​កាំភ្លើង​។​ទ័ន​បាន​និយាយថា ខ្លួន​ចេះ​ផលិត​កាំភ្លើង និង​ចាប់ពី​ខែ​ឧសភា​ដល់​សីហា ឆ្នាំ​២០២២ ខ្លួន​និង​មនុស្ស​មួយចំនួន​ទៀត​ផលិត​បាន​កាំភ្លើង​១៥​ដើម​សំរាប់​បាញ់​គ្រាប់​ជ័រ​និង​លក់បាន​ប្រាំបី​ដើម​។​

​ការឆែកឆេរ​នៅផ្ទះ​ជន​សមគំនិត​ពីរ​នាក់​ទៀត​បាន​រកឃើញ​កាំភ្លើង​ប្រមាណ​៧០​ដើម និង​ពួក​គេ​បាន​ប្រាប់ថា​កាំភ្លើង​និង​គ្រាប់​ជ័រ​ជាង​២០០​ផ្តល់​ដោយ នាង ឌី​អេប​។​ការស្រាវជ្រាវ​បន្ថែម​បាន​នាំ​ដល់​ការចាប់​ខ្លួន​ឌី​អេប នៅ​ក្រុង​ហូជីមិញ និង​ជន​សមគំនិត​បី​នាក់​ទៀត​ហើយកាំភ្លើង​២២៩​ដើម ត្រូវបាន​រកឃើញ​នៅផ្ទះ​របស់​ឌី​អេប​។​

​កាំភ្លើង​ដែល​រឹបអូស​បាន​មក​ពី​ក្រុម​របស់ វូ ធី ឌី​អេប​

​ពួក​អ្នក​ស៊ើបអង្កេត​បាន​និយាយថា ចាប់ពី​ដើម​ឆ្នាំ​២០២២ ដល់​ខែ​តុលា​ឆ្នាំ​ដដែល ឌី​អេប បាន​បញ្ជូន​កាំភ្លើង​៤០០​ដើម​អោយ​មនុស្ស​របស់​ខ្លួន​ពីរ​នាក់​ជាមួយនឹង​គ្រាប់​ជាង​២​ពាន់​គ្រាប់​ដើម្បី​លក់​។​នៅ​ឆ្នាំ​២០១៩ឌី​អេប និង​ប្តី​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​ចំពោះ​ការលក់​អាវុធ​ខុសច្បាប់​។​នាង​ត្រូវ​ជាប់គុក​បី​ឆ្នាំ តែ​ទោស​ត្រូវ​​ព្យួរដោយសារ​នាង​ត្រូវ​ចិញ្ចឹម​កូនតូច តែ​ក្រោយ​ចេញពី​គុក ឌី​អេប​បាន​បន្ត​ទាក់ទង​បណ្តាញ​របស់​ខ្លួន​និង​លក់​អាវុធ​ពី​កម្ពុជា​ចូល​វៀតណាម​៕