ដោយ : ប.ជ័យ / បន្ទាយមានជ័យ:ករណីលួច​មានស្ថានទម្ងន់ទោសនៅចំណុចមុខហាងស៊ុបស្មងគោ​ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៨ខែសីហាឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថបានបង្ក្រាបនិងបញ្ជូនសង្ស័យ៤នាក់ ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុង​ បានដឹកនាំកម្លាំងស្រាវជ្រាវ​រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ។

ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ ហាង សុផាន់ណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានឲ្យដឹងថា​ : ជនសង្ស័យទាំង៤នាក់ ១.ឈ្មោះ​ ឈឿត សម្បត្តិ (ទៀ) ភេទប្រុស អាអាយុ១៧ឆ្នាំ ២.ឈ្មោះ​ សំណាង អាណាន់ ភេទប្រុស អាយុ២០ឆ្នាំ ៣.ឈ្មោះ​ នូ ណាវីន ភេទប្រុស អាយុ២៣ឆ្នាំ ៤.ឈ្មោះ​ មល់ ដេវីត ភេទប្រុស អាយុ២៨ឆ្នាំ ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​ កាលពីនៅវេលាម៉ោងប្រហែល៩ និង៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះរួមនិងមិត្តភត្តិ​ ចំនួ​ន៧នាក់​ បាននាំគ្នាជិះម៉ូតូ៣គ្រឿង ចេញពីភ្នំស្រុក ជិះទៅក្រុងសិរីសោភ័ណ ដើម្បីទៅកម្មពិធីខួបកំណើតអ្នកភូមិទៅរៀនជាមួយគ្នា​ នៅក្រុងសិរីសោភ័ណ ។ ពេលចប់កម្មពិធី រហូតដល់ម៉ោង១ និង៣០នាទី រំលងអាធ្រាត ចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះ​ និងមិត្តភក្កិ បាននាំគ្នាជិះម៉ូតូត្រឡប់ទៅស្រុកភ្នំស្រុកវិញ ខណៈជិះដល់ចំណុចហាងលក់ស៊ុបស្នងគោ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្រាប់តែមានក្មេងស្ទាវ១ក្រុម ពុំដែលស្គាល់ មានគ្នាប្រហែល៨នាក់ ជិះម៉ូតូ៣គ្រឿង មានកាន់កាំបិត ជិះបញ្ច្រាស់ទិសគ្នាត្រលប់ក្រោយ​ បាន​ជិះម៉ូតូតាមកាប់ ។ ពេលនោះខ្លួនផ្តួលម៉ូតូ​ដេីម្បីគេចខ្លួន​ក្រោយមកក៏បានត្រឡប់ទៅយកម៉ូតូស្រាប់តែបាត់ម៉ូតូ​ ក៏បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ។

ពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ។ ចុះដល់កន្លែងកើតហេតុ និងពិនិត្យកាមេរ៉ាសុវត្ថិភាពជុំវិញកន្លែងកើតហេតុ រហូតកំណត់បាននូវមុខសញ្ញានិងបានពិនិត្យឃើញថា ជនសង្ស័យមានគ្នាប្រហែល១០នាក់ កម្លាំងបន្តស្រាវជ្រាវរហូតឈានដល់ឃាត់ជនសង្ស័យចំនួន៤នាក់​ ។ ដោយឡែកបក្ខពួកមួយចំនួនបាត់រត់គេចខ្លួន។ បន្ទាប់​ពីឃាត់ខ្លួនជនសង្ស័យទាំង៤​នាក់​ ត្រូវបាននាំមកកាន់មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បីសួរនាំតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានសារ​ភាពថា​ ក្រុមពួកខ្លួនពិតជាបានធ្វេីសកម្មភាពដេញកាប់​ និងយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា​​​​ ឆ្នាំ​២០២៣​នេះ​ អនុវត្តតាមនីតិវិធី ​៕/R