ដោយ៖ ដេប៉ូ / ព្រះវិហារ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអះអាងថាៈ ទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបាន ជំរុញឱ្យយុវជនមានការស្រឡាញ់ធម្មជាតិ ស្រឡាញ់ទឹកដី កាន់តែប្រសើរឡើង ថែមទៀត ។
នៅក្នុងពិធីជួបពិធីសំណេះសំណាល ជាមួយក្រុមអ្នកដើរព្រៃកម្ពុជា នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នាសាលាខេត្តព្រះវិហារ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថាៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋ បានស្គាល់ពីតម្លៃវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិ តាមរយៈការជំរុញឱ្យមានទេសចរណ៍ តាមតំបន់ធម្មជាតិ ផ្សារភ្ជាប់ទឹកដី។ ទេសចរណ៍ផ្សារភ្ចាប់ទឹកដី បានលើកកម្ពស់ជីវភាពប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដោយក្នុងនេះ ប្រជាសហគមន៍ បានទទួលនូវផល ប្រយោជន៍សេដ្ឋកិច្ច សម្រាប់អភិវឌ្ឍជីវភាព ក៏ដូចជា អភិវឌ្ឍមូលដ្ឋាន។ ចំណូលដែល ជាវិស័យទេសចរណ៍ ក្នុងស្រុកមួយភាគធំ និងទេសចរបរទេស បានស្គាល់ទឹកដីកម្ពុជា បានស្គាល់តំបន់ធនធានធម្មជាតិកម្ពុជាបានយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។
លោកអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងដោយបញ្ជាក់ថាៈ ”ប្រជាពលរដ្ឋ បានទទួលចំណូល តាមរយៈការផលិតនូវស្បៀង បានសេចក្តីថា ការនាំចេញនៅនឹង កន្លែង ក្នុងនេះមានដូចជា ដំណាំកសិកម្ម ដាំដើមឈើ ការចិញ្ចឹមសត្វ របស់ប្រជា សហគមន៍ តាមរយៈការលក់ទៅ ឱ្យក្រុមអ្នកទេសចរ ទាំងក្នុងស្រុក និងបរទេស។ វាជាការបំពេញនូវប្រាក់ចំណូល ក្នុងសហគមន៍ ក៏ដូចជាក្រុមគ្រួសារ”។
លោក វ៉ាត ប៉ារ៉ានីន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងដោយធ្វើការ គាំទ្រឱ្យមានដំណើរកម្សាន្ត មកកាន់តំបន់ការពារធម្មជាតិ ដែលមានក្នុងខេត្តព្រះវិហារ ជាពិសេសតំបន់ទេសចរណ៍ ដែលជាប្រវត្តិសាស្រ្តនានា ក្នុងនេះដូចជា តំបន់ប្រាសាទ ព្រះវិហារ និងតំបន់បេតិភណ្ឌភ្នំត្បែងតែម្តង។
លោក អភិបាលរងខេត្តព្រះវិហារ បានលើកឡើងដោយបញ្ជាក់បន្ថែមថាៈ ”យុវជនដែល បានធ្វើដំណើរមកកាន់ ឬកម្សាន្តតំបន់ធម្មជាតិ គឺពិតជាមានតម្លៃ។ យុវជន ត្រូវតែមាន ការផ្សព្វផ្សាយ តំបន់ការពារធម្មជាតិរបស់យើង ទៅកាន់ពិភពលោក ក៏ដូចជាមនុស្ស ជាតិ។ ការធ្វើបែបនេះ ជាការកៀងគរឱ្យក្រុមមនុស្ស បានស្គាល់ និងស្រឡាញ់ធម្មជាតិ បន្ថែមទៀត”។
ក្នុងនាមជាអាជ្ញាធរខេត្ត លោក វ៉ាត ប៉ារ៉ានីន បានថ្លែងដោយលើកទឹកចិត្តបន្ថែមទៀត ក្នុងការមកកម្សាន្ត និងទស្សនាតំបន់អភិរក្ស ក៏ដូចជាតំបន់ធនធានធម្មជាតិ តំបន់អភិរក្ស និងតំបន់បេតិកភណ្ឌដទៃៗទៀត ទាំងក្នុងខេត្តព្រះវិហារ និងក្នុងប្រទេសកម្ពុជា ដើម្បីលើកស្ទួយជីវភាពសហគមន៍ កាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា បណ្តាយុវជនមកពីស្ថាប័ននានា ដែលមានប្រមាណជាង ២០០ នាក់ បាននាំគ្នាមកចូលរួម ក្នុងកម្មវិធីកីឡារត់ឡើងភ្នំ បោះតង់ និង សម្បុសធម៌នៅលើភ្នំត្បែង ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ២០២៣៕/V/r