​ដោយ​៖ សុផល / សៀមរាប​៖ ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី បាន​សហការ​ជាមួយ សមាគម​ទេសចរណ៍​កម្ពុជា (CATA) រៀបចំ​កម្មវិធី​សិក្ខាសាលា​ទេសចរណ៍​ម៉ាឡេស៊ី នៅ​ខេត្តសៀមរាប ដែល​ប្រមូលផ្តុំ​ទៅដោយ​ការ​ណាត់ជួប រវាង​សាជីវកម្ម​ទេសចរណ៍​កម្ពុជា និង​ម៉ាឡេស៊ី រួមទាំង​ការចង​ជា​សក្ខីភាព រវាង​ភ្នាក់ងារទេសចរណ៍ តំណាង​សណ្ឋាគារ រមណីយដ្ឋាន និង​ម្ចាស់​ផលិតផល មកពី​ប្រទេស​ទាំងពីរ​។

​នេះ​ក៏​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី បានរៀបចំ​ព្រឹត្តិការណ៍​នេះ ។ លើកទីមួយ ធ្វើ​នៅ​សណ្ឋាគារ NagaWorld 1 ក្នុង​រាជធានី​ភ្នំពេញ និង​លើក​ទី​២ នេះ គឺ​នៅ​សណ្ឋាគារ Sokha Angkor Resort ក្នុង​ខេត្តសៀមរាប​។

​សិក្ខាសាលា​នេះ បានធ្វើ​ឡើង ក្រោម​វត្តមាន លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា (CATA) លោកស្រី Zalina Ahmad, នាយករង​ផ្នែក ផ្សព្វផ្សាយ​អន្តរជាតិ (​អាស៊ីអាគ្នេយ៍​), លោកស្រី ពត រ៉ានី ប្រធាន​ផ្នែក​ទីផ្សារ មកពី ក្រុមប្រឹក្សា​ទេសចរណ៍​ម៉ាឡេស៊ី និង​មានការ​ចូលរួម​ដោយ​ក្រុមហ៊ុន​ឧស្សាហកម្ម​ទេស ចរ​ណ៏​ធំៗ ពី​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​៩ ក្រុមហ៊ុន ហើយក៏​មានការ​ចូលរួម​ជាង ៤០ ក្រុមហ៊ុន​ទេសចរណ៍ ដែល​ស្ថិតក្នុង​ខេត្តសៀមរាប ក៏បាន​ចូលរួម​ផងដែរ​។​

​នាឱកាស​នោះ លោកស្រី Zalina Ahmad បាន​ថ្លែងថាៈ យើង​នឹង​ទន្ទឹងរង់ចាំ​ដោយស្មោះ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ ភ្នាក់ងារទេសចរណ៍​ក្នុងស្រុក នៅទីនេះ ក្នុងប្រទេស កម្ពុជា ហើយ​គិត​ត្រឹម​ឆ្នាំ​២០២៤ ប្រទេស​ម៉ាឡេស៊ី បានកំណត់​គោលដៅ​របស់ខ្លួន ក្នុងការ​មកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​ជាង ១៦ លាន​នាក់ ជាមួយនឹង​ប្រាក់ចំណូល ពី​ទេសចរណ៍ ចំនួន ៤៩,២ ពាន់​លាន រីង​ហ្គី​ត (RM)​។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា (CATA) បាន​ថ្លែង​ផង ដែរ​ថាៈ វេទិកា​ភ្ជាប់​បណ្តាញ​វិស័យ​ទេសចរណ៍​នេះ ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ម៉ាឡេស៊ី នៅក្នុង​ឧស្សាហកម្ម ទេសចរណ៍​។ ជំនួប​នេះ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្តល់ឱកាស​ដ៏​អស្ចារ្យ ធ្វើឱ្យ​កិច្ចសហការ កាន់តែ​ជិតស្និទ្ធ និង​ការយោគយល់​គ្នា ក្នុងចំណោម​អ្នក​ប្រក​បរបរ ទទួលទាន លើ​វិស័យ​ទេសចរណ៍​។​

​លោកស្រី ឆាយ ស៊ីវ​លីន បាន​បន្ថែមថាៈ ម៉ាឡេស៊ី តែងតែ​ជា​ជម្រើស Top 4 សម្រាប់​ប្រជាជន​កម្ពុជា សម្រាប់​ការធ្វើដំណើរ ក្នុង​គោលបំណង​ផ្សេងៗ ដូចជា សម្រាកលំហែ ក្រេបទឹក​ឃ្មុំ ពិនិត្យ​សុខភាព និង​ជំនួញ ។​

​នាឱកាស​នោះដែរ លោកស្រី ពត រ៉ានី ប្រធាន​ផ្នែក​ទីផ្សារ នៃ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ ទេសចរណ៍ ម៉ាឡេស៊ី​នៅ​កម្ពុជា បានឱ្យដឹង​ដែរ​ថាៈ ពួកយើង​នឹង​ផ្តល់​ជា​កម្លាំងចិត្ត ចាំ​ជំរុញ​ញ​និង​គាំទ្រ​គំនិត​ផ្តួចផ្ដើម​កញ្ចប់​ទេសចរណ៍​ថ្មីៗ​ដើម្បី​នាំ​ភ្ញៀវទេសចរ​កម្ពុជា​ឱ្យ​កាន់តែច្រើន​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​។ យើង​សង្ឃឹមថានឹង​ជំរុញ​ទឹកចិត្ត​ដៃគូ ពាណិជ្ជកម្ម​ទេសចរណ៍​របស់​យើង ឱ្យ​ផ្សព្វផ្សាយ​វិស័យ​ទេសចរ​ណ៏​ម៉ាឡេស៊ី ប្រកបដោយ​ទំនុកចិត្ត ដើម្បី​ជា​លទ្ធផល​ជោគជ័យ នៅ​កម្ពុជា​វិញ​។​

​លោកស្រី រ៉ានី បាន​បន្ថែម​ដែរ​ថាៈ ជើងហោះហើរ​ត្រង់​ពី​កម្ពុជា ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដែល​នឹងត្រូវ​បានផ្ដល់ ជូន​បន្ថែមទៀត ពី​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines, AirAsia ក៏ដូចជា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក នាពេល​ខាងមុខនេះ សម្រាប់​ជម្រើស​នៃ​ទិសដៅ និង​កញ្ចប់​ដំណើរ​កម្សាន្ត ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​។ ហើយក៏​ដើម្បី​ធានាថា ការិយាល័យ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី របស់​យើង​នៅ​ភ្នំពេញ នឹង​ជួយ​ជម្រុញ និង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​កញ្ចប់​ទេសចរណ៍​ថ្មីៗ ដើម្បី​នាំ​ភ្ញៀវទេសចរ​កម្ពុជា ឱ្យ​កានតែច្រើន ទៅ​ទស្សន​ប្រទេស​ម៉ាឡេស៊ី​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ ម៉ាឡេស៊ី បាន​ស្វាគមន៍​ការមកដល់​ពី​កម្ពុជា ចំនួន ៩៧.០៩៧ នាក់​។ ភ្ញៀវទេសចរ​កម្ពុជា ចំនួន ៣៩.៨២៣ នាក់ ត្រូវបាន​កត់ត្រា ទៅកាន់​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ការបើក​ព្រំដែន​អន្តរជាតិ​របស់​ម៉ាឡេស៊ី ឡើងវិញ ក្នុង​ខែមេសា ឆ្នាំ​២០២២ ៕/V​.mara