ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រុម គ្រូពេទ្យស្មគ្រចិត្តក្រៅប្រទេសកូរ៉េខាងត្បូង(Medical Service Corps ,JEOLLABUK-DO) សហការនឹងអង្កការហាឆាន់ខាំ(Hachankham)បានទៅពិនិត្យ និងព្យាបាលជម្ងឺឥតគិតថ្លៃជូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យរយ:ពេល៣ថ្ងៃចាប់ពីពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែសីហា ឆ្នាំ២០២៣ ។

លោកអ៊ុំ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ និង លោកស្រីជ័យ ណារី ព្រមទាំងសហការីកាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ បានអញ្ជើញចូលរួមទទូលស្វាគមន៍និងសំណេះសំណាល ជាមួយ ក្រុម គ្រូពេទ្យស្មគ្រចិត្តក្រៅប្រទេសកូរ៉េខាងត្បូង(Medical Service Corps ,JEOLLABUK-DO) ចំនួន៣០នាក់ ដឹកនាំដោយលោកគឹម ឆ្យ៉ុងហូល និងរៀបចំដោយលោកគឹម យ៉ុងអុក ប្រធានអង្គការហាឆាន់ខាំ (HACHANCHAM) លោកស្រីគឹម ហ្យុនអា នាយិការសាលាមហាវិទ្យាល័យគ្រីស្ទានក្រុងសិរីសោភ័ណ នាភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។

លោកគឹម ឆ្យ៉ុងហូល មានប្រសាសន៍ថា ក្រុមគ្រូពេទ្យនេះនឹងទទួលពិនិត្យ ព្យាបាលលើជំនាញវេជ្ជសាស្ត្រគ្រឿងក្នុង រោគសើស្បែក វេជ្ជសាស្ត្រគ្រួសារ កុមារ ចិត្តសាស្ត្រ ឆ្អឹង ភ្នែក ធ្មេញ សម្ភព និងរោគស្ត្រី ។

លោកបានបន្តថា : សេវានេះធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ:ភាពឡើយ ពោលគឺក្នុងបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋកម្ពុជាជាមិត្តតែប៉ុណ្ណោះ។

លោកបន្តថា នឹងមានពលរដ្ឋកម្ពុជាខ្ទង់ពាន់នាក់នឹងមកទទួលសេវាសុខភាពនេះ ហើយសង្ឃឹមថា សកម្មភាពមនុស្សធម៌នេះនឹងពង្រីកពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិ មិត្តភាពរវាងប្រជាជននិងអាជ្ញាធរកូរេ-កម្ពុជាបន្ថែមទៀត ។

សូមបញ្ជាក់ថា សម្រាប់កម្មវិធីនេះ គឺរសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ ទទួលពិនិត្យ ព្យាបាលនៅទីស្នាក់ការអង្គការនិងសាលាខាងលើ នាភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណនិងព្រឹកទល់ល្ងាច ថ្ងៃទី១២ ដល់ថ្ងៃទី១៣ខែសីហាឆ្នាំ២០២៣ ទទួលពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ នាភូមិ៣សង្កាត់ព្រះពន្លា ។

លោកអ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េខាងត្បូងបានចុះមកពិនិត្យ ព្យាបាលជម្ងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជានៅក្នុងក្រុងសិរីសោភ័ណក៏ដូចជាមកពីស្រុកក្រុងនានានៃខេត្តបន្ទាយមានជ័យនេះ ។

លោកបានបន្តថា កន្លងមកអង្គការហាឆាន់ខាំនិងមហាវិទ្យាល៌យគ្រីស្ទានក្រុងសិរីសោភ័ណជាដៃគូអភិវឌ្ឍន៍ដ៏ល្អនិងសកម្មដែលបានជួយអភិវឌ្ឍន៍ខេត្ត។

លោកអភិបាលបានបន្ថែមថា សកម្មភាពមនុស្សធម៌ខាងសុខភាពដូចខាងលើធ្វើឡើងចំពេលដែលប្រជាជនខេត្តបន្ទាយមានជ័យនិងប្រទេសកម្ពុជាបាននឹងកំពុងរីករាយនឹងការលទ្ធផលបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ ដែលគណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានឈ្នះភ្លូកទឹកភ្លូកដីក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏កំពុងស្វាគមន៍នាយករដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយលោកកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ដែលនឹងបន្តដឹកនាំអោយប្រទេសជាតិបន្តមានសុខសន្តិភាព ការអភិវឌ្ឍន៍ ប្រជាជនមានជីវភាពធូរធារនិងសុខុមាលភាពល្អ ៕/R