​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​អំពាវនាវ​អោយ​ហ្វីលីពីន​ធ្វើការ​ជាមួយ​ចិន​ដើម្បី​ស្វះស្វែង​រក​ផ្លូវ​មាន​ប្រសិទ្ធភាព​មួយ ក្នុង​បំណង​បន្ថយ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ចិន​កាលពី​ថ្ងៃ​សៅរ៍​។​

​ការអំពាវនាវ​របស់​ប្រមុខ​ការទូត​ចិន​កើតឡើង​ចំពេល​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កើនឡើង​ដោយសារ​តែ​ទីតាំង​នាវា​ជាប់​កឿង​មួយ​ដែល​ហ្វីលីពីន​ប្រើ​ជា​ប៉ុស្តិ៍​ប៉ម​យោធា​ជួរមុខ​របស់​ខ្លួន​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង តែ​ចិន​ទាមទារ​អោយ​អូស​យកចេញ​ដោយសារ​វា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​។​

​លោក​វ៉ាង​បាន​អំពាវនាវ​ដូច្នេះ​ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​សុក្រ​

​ស៊ីន​ហួរ​បាន​និយាយថា លោក​វ៉ាង​បាន​និយាយថា ចិន​បាន​សម្តែង​ឆន្ទៈ​ម្តង​ហើយ​ម្តងទៀត​ចង់​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ជាមួយ​ហ្វីលីពីន​តាម​ការចរចា ដោយ​សង្ឃឹម​ថា​រដ្ឋាភិបាល​ទី​ក្រុង​ម៉ានីល​នឹង​គោរព​ការមូល​មតិ​គ្នា​គ្នា​មួយ​ដែល​ត្រូវ​បាន​សំរេច​ឡើង​កាលពី​អតីតកាល​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​នៅ​ឆ្នាំ​១៩៩៩​បាន​បើក​នាវាចម្បាំង​កញ្ចាស់​សម័យ​សង្គ្រាមលោកលើកទីពីរ Sierra Madre​ទៅ​ដាក់​ចោល​លើ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ថូ​ម៉ាស សូល​ទី​ពីរ​(Second Thomas Shoal)​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន ក្នុង​បំណង​អះអាង​អធិបតេយ្យភាព​លើ​តំបន់​ប្រទាញប្រទង់​នោះ​។​ទាហាន​ហ្វីលីពីន​មួយ​ក្រុម​តូច​ត្រូវបាន​ដាក់​អោយ​ឈរ​ជើង​នៅ​ទីនោះ​និង​ការដូរ​វេន​ព្រមទាំង​ការដឹកជញ្ជូន​ស្បៀង​ទៅ​អោយ​ត្រូវ​បាន​ធ្វើឡើង​ជា​ប្រចាំ​។​

​ចិន​ដែល​អះអាង​កម្មសិទ្ធិ​លើ​តំបន់​នេះ​ដែរ​កាលពី​សប្តាហ៍​មុន​បាន​ប្រើ​នាវា​ឆ្មាំ​សមុទ្រ​បាញ់​ទឹក​រារាំង​នាវា​និង​ទូក​ដឹកស្បៀង​ហ្វីលីពីន​ទៅកាន់​នាវា​Sierra Madre​និង​បាន​ទាមទារ​អោយ​ហ្វីលីពីន​យក​នាវា​នេះ​ចេញ តែ​ប្រធានាធិបតី​ហ្វីលីពីន​បដិសេធ​និង​យោធា​ប្រទេស​នេះ​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​ទូក​ដឹក​ស្បៀង​ទៅកាន់​នាវា​ច្រែស​ចាប់​នេះ​ជា​ថ្មី​នៅ​សប្តាហ៍​ក្រោយ​៕

​នាវា​ឆ្មាំ​សមុទ្រ​ហ្វីលីពីន នៅក្បែរ​នាវា​ជាប់​កឿង​Sierra Madre​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​