ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះ សំណាលជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេ ឲ្យចូលសាលារៀនសូត្រ ដូចកុមារដទៃទៀត នេះជាការយកចិត្តទុកដាក់ក្នុងការមើលថែទាំកុមារឲ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ ស្របតាមអានុសាសន៍របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ដោយមិនទុកឲ្យអ្នកណា នៅកំព្រាឯកោនោះទេ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវស្តាប់តាម ការអប់រំរបស់លោកគ្រូ អ្នកគ្រូ និងខិតខំសិក្សារៀនសូត្រ ឲ្យមានចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗ ចេញពីមណ្ឌលកុមារកំព្រា ក្មួយៗ អាចរកការងារធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត ។

ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានប្រគល់ជូនដល់គណៈគ្រប់គ្រង មណ្ឌល រួមមាន ៖ មី ៥កេស ទឹកសុទ្ធ ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកម្ទេស ២កេស អង្ករ ១០០គីឡូក្រាម ទឹកផ្លែឈើ ១០កេស និងថវិកា ៣លានរៀល ជូន លោកគ្រូ អ្នកគ្រូ ៨នាក់ ក្នុងម្នាក់ៗ ថវិកា ១៥ ម៉ឺនរៀល កុមារកំព្រា ៣៦នាក់ ក្នុងម្នាក់ៗ ទទួលបានកាតាបកូនសិស្សមួយឃីត និងថវិកា ៧ ម៉ឺនរៀល៕ V / N