ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ AFF U23 Championship 2023 នៅប្រទេសថៃ នឹងចាប់ផ្ដើមហើយ។

ជាមួយនឹងពេលវេលា កាន់តែកៀកបែបនេះ លោក Felix Dalmas គ្រូបង្វឹករបស់ ក្រុមជម្រើសជាតិកម្ពុជា បានបង្កើននូវការហ្វឹកហាត់ កាន់តែខ្លាំង ទោះជាយ៉ាងណា ក៏លោកព្យាយាម មិនឲ្យកូនក្រុមរបស់លោកមានរបួសក្នុងអំឡុងពេលហ្វឹកហាត់នេះដែរ។

លោកបានអះអាងថាៈ យើងត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ព្រឹត្តិការណ៍នេះហើយអ្វីៗ លោកមានជំនឿចិត្តថា ក្រុមកម្ពុជា នឹងធ្វើបានល្អ នៅក្នុងព្រឹត្តិការណ៍នេះ ជាមិនខានឡើយ។ រូបលោកនិងកូនក្រុមរបស់លោក បានចំណាយកម្លាំងកាយ និងកម្លាំងចិត្ត ច្រើនណាស់ ដើម្បីព្រឹត្តិការណ៍បាល់ទាត់ដ៏ធំ ថ្នាក់តំបន់នេះ។

ក្រុមទាំងមូល បានបង្ហាញនូវជំនឿចិត្តថា នឹងធ្វើបានល្អពួកគេសុទ្ធប្ដេជ្ញាថាខិតខំឲ្យអស់ ពីសមត្ថភាពសម្រាប់ព្រឹត្តិការណ៍មួយនេះ។

ថ្ងៃនេះ គឺថ្ងៃទី១៣ សីហា ហើយ កម្ពុជានឹងជួបជាមួយព្រុយណេ ដំបូងគេ នៅថ្ងៃទី១៧ សីហា ជួបមីយ៉ាន់ម៉ា ថ្ងៃទី១៩ សីហា និងជួបថៃ ដែលជាម្ចាស់ផ្ទះ ថ្ងៃទី២១ សីហា ដែលជាការប្រកួតបញ្ចប់ពូល។

សម្រាប់ព្រឹត្តិការណ៍ AFF U23 Championship 2023 កម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ព្រុយណេ និង មីយ៉ាន់ម៉ា ឯពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ចំពោះពូល C មានវៀតណាម ហ្វីលីពីន និង ឡាវ។

ពូលនីមួយៗ យកមួយក្រុម ដែលមានពិន្ទុលើសគេ ឡើងទៅលេងវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ហើយដោយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវមាន ៤ ក្រុមនោះ ហេតុនេះ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) សម្រេចយកក្រុមចំណាត់ថ្នាក់លេខ២ នៃពូលណាមួយ ដែលជាក្រុមល្អ ជាងគេមកបង្គ្រប់៕/V/r