លទ្ធផល​បែងចែក​អាសនៈ​, អ្នកនាំពាក្យ​អះអាងថា​សារព័ត៌មាន​មួយចំនួន​ផ្សព្វផ្សាយ​នោះ ជា​រឿង​មិន​ពិត​ទេ​

1213
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​បញ្ជាក់ថា ចំពោះ​ការផ្សព្វផ្សាយ​លទ្ធផល​បោះ​ឆ្នោត ឬ​ការបែងចែក​អាសនៈ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន និង​បណ្តាញ​ទំនាក់ទំនង​សង្គម (facebook) បាន​បង្ហោះ គឺជា​រឿង​មិន​ពិត​នោះទេ​។ ពីព្រោះ គ​.​ជ​.​ប មិនទាន់​ឈានដល់​ការបែងចែក​អាសនៈ​នៅឡើយ​ទេ​។

​ការ​ថ្លែង​បញ្ជាក់​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​មួយចំនួន និង​បណ្តាញ​ទំនាក់ទំនង​បាន​ផ្សព្វផ្សាយ និង​បង្ហោះ​អំពី​តារាង​តួលេខ​បែងចែក​អាសនៈ​របស់​គណបក្សនយោបាយ ដែល​មិនមែនជា​ការបែងចែក​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ថា “​ច្បាប់ និង​តួនាទី​របស់​គ​.​ជ​.​ប គឺ​រៀបចំ​ការបោះឆ្នោត នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផងដែរ ហើយ​ការប្រកាស​ណា​ដែល​មិន​ចេញពី គ​.​ជ​.​ប គឺជា​រឿង​មិន​ពិត​នោះទេ​។ អ្វីដែល គ​.​ជ​.​ប កំពុងតែ​ធ្វើ គឺ​ក្នុង​វិជ្ជាជីវៈ ហើយ​កំពុងតែធ្វើការ​បូកសរុប​។ ហើយ​ក្រៅតែពី​អ្វីដែល​ប្រជាពលរដ្ឋ​ចង់បាន ការ​ផ្សព្វ​នៅ​លទ្ធផល​បឋម គឺ​គ​.​ជ​.​ប បានធ្វើ​ការផ្សាយ​ហើយ និង​កំពុងតែ​បូកសរុប​លទ្ធផល​សន្លឹកឆ្នោត​បាន​ការ និង​សន្លឹកឆ្នោត​មិនបានការ​។ ដូច្នេះ​មិនទាន់​ឈានទៅដល់​ការបែងចែក​អាសនៈ​នោះទេ​។ ហើយ​សូម​ឲ្យ​ស្ថាប័ន​ណា​ដែល​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ដល់​ដំណើរការ​បោះឆ្នោត នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ បើសិន​ជាមាន​អ្នកប្តឹង​។ ប៉ុន្តែ​បើ​មាន​បណ្តឹង​បាន គ​.​ជ​.​ប យក​ករណី​នឹង​មក​ស៊ើបអង្កេត និង​ចាត់វិធានការ​”​។​

​សូមជម្រាបថា មាត្រា ១៤២ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​បញ្ជាក់ថា …​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការសម្ងាត់ នៃ​ការបោះឆ្នោត​។ ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ​២០​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម