ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស ហា​រី ខេន (Harry Kane) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រូបគេ​ប្រហែលជា​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បាល់ទាត់​អាល្លឺម៉ង់​បន្ទាប់​ពី​ការ​ចាញ់​ក្នុង​ការប្រកួត​ដំបូង​របស់​គេ​សម្រាប់​ក្រុម Bayern Munich ហើយ​នឹង​មិន “​ភ័យ​ស្លន់ស្លោ​” ទេ ប្រសិនបើ​រូបគេ​មិន​អាច​ស៊ុត​បញ្ចូល​ទី​។​

​ខេន​បាន​ប្តូរ​ចូល​ក្នុងនាម​កីឡាករ​បម្រុង​នៅ​នាទី​ទី ៦៤ ក្នុង​បរាជ័យ ៣-០ ក្រោម​ស្នាដៃ​ក្រុម Leipzig ក្នុង​ពានរង្វាន់ German Super Cup កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ត្រូវ​បាន​បញ្ជាក់​ជា​កីឡាករ​របស់ Bayern កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​រូបគេ​បាន​និយាយថា “​ជាក់ស្តែង ខ្ញុំ​បាន​ចំណាយ​ពេល​ពេញ​មួយ​អាជីព​របស់​ខ្ញុំ ពេញ​មួយ​ជីវិត​របស់​ខ្ញុំ នៅក្នុង​ប្រទេស​អង់គ្លេស និង​នៅក្នុង​ក្រប​ខណ្ឌ Premier League ដូច្នេះ​វា​អាច​ត្រូវការ​ពេល​ដើម្បី​សម្រប​ខ្លួន​បន្តិច ដើម្បី​ឱ្យ​ស៊ាំ​ទៅ​នឹង​លី​ក​ថ្មី​”​។​

“​សម្រាប់​ខ្ញុំ វា​គ្រាន់តែ​ជា​ការតាំង​ទី​លំនៅ​ឱ្យ​បាន​ងាយស្រួល​តាម​ដែល​អាច​ធ្វើទៅបាន ការស្វែងយល់​ពី​ប្រភេទ​ក្រុមបាល់ទាត់​ផ្សេងៗ របៀប​ដែល​ខ្ញុំ​ត្រូវ​លេង និង​សម្រប​ខ្លួន​។ ខ្ញុំ​បាន​ធ្វើ​វា​ពេញ​មួយ​អាជីព​របស់​ខ្ញុំ មិន​ថា​ជាមួយ Tottenham ឬ​ក្រុម​ជម្រើស​ជាតិ ហើយ​ខ្ញុំ​នឹង​ធ្វើ​វា​បាន​នៅទីនេះ​”​។​

​ខេន​បាន​សារភាពថា វា​គឺជា “​ការសម្រេចចិត្ត​ដ៏​លំបាក​” ក្នុង​ការចាកចេញ​ពី Tottenham បន្ទាប់​ពី ១៩ ឆ្នាំ ទោះបីជា​មិន​បាន​ឈ្នះ​ពានរង្វាន់​ណាមួយ​ក្នុង​អំឡុង​ពេល​ដែល​រូបគេ​នៅ​ក្លិប​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​ក៏ដោយ ដោយ​បាន​ឡើង​ត្រឹម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០១៩ ម្តង តែ​ចាញ់​ក្រោម​ស្នាដៃ​ក្រុម Liverpool​។​

​រូបគេ​បាន​បន្ថែមថា Bayern នឹង​ក្លាយជា “​ការខកចិត្ត​” ប្រសិនបើ​បញ្ចប់​រដូវ​កាល​ដោយ​គ្មាន​ពាន​៕

​ខេន​អះអាងថា​ខ្លួន​ត្រូវការ​ពេល​ដើម្បី​សម្រប​ខ្លួន​នឹង​លី​ក​អាល្លឺម៉ង់