ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ លោក ម៉ាក ហ្សាក់​ឃើ​បឺក បាន​និយាយថា អេ​ឡុន ម៉ាស “​មិនសូវ​ចង់​” ប្រយុទ្ធ​ដាក់​ក្នុង​ទ្រុង​ទេ ហើយ​អ៊ីចឹង “​វា​ដល់​ពេល​ត្រូវ​បន្ត​ទៅ​មុខ​ហើយ​”​។​

​នៅក្នុង​សារ​បង្ហោះ​នៅលើ​វេបសាយ​បណ្តាញ​សង្គម Threads ថៅកែ Meta រូបនេះ​បាន​និយាយថា គាត់​បាន​ផ្តល់​ជូន​លោក​ម៉ាស​នូវ “​កាលបរិច្ឆេទ​ពិតប្រាកដ​” ប៉ុន្តែ​សហគ្រិន​ជា​គូប្រជែង​បាន​រក​លេស​ដោះសារ​។​

​មហាសេដ្ឋី​ទាំងពីរ​បាន​យល់ព្រម​ប្រកួត​ដាក់​ទ្រុង​កាលពី​ខែ​មិថុនា ជា​ហេតុ​បង្ក​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។​

​ប៉ុន្តែ​ត្បិត​ញ៉ោះ​គ្នា​ជា​ច្រើន​ខែ​ក៏ពិតមែន ក៏ប៉ុន្តែ​គូប្រជែង​ទាំង​ពីរ​មិន​ទាន់​កំណត់​ថ្ងៃ​ប្រកួត​បាន​នៅឡើយ​ទេ ដោយ​ធ្វើឱ្យ​មាន​ការសង្ស័យ​ថា​តើ​ការប្រកួត​អាច​នឹង​កើត​ឡើង​ទេ​។​

​សង្គ្រាមពាក្យសម្តី​នេះ​ត្រូវបាន​ធ្វើ​ឱ្យ​ស្មុគស្មាញ​ឡើង​ដោយ​ការបើក​ដំណើរការ Threads ក្នុង​ខែកក្កដា ដោយ​កម្ម​វិធី​ផ្ញើ​សារ​ជា​គូ​ប្រជែង​របស់ X បាន​ទាក់ទាញ​អ្នក​ចុះ​ឈ្មោះ​ជាង ១០០ លាន​នាក់​ក្នុង​រយៈពេល​តិចជាង​មួយ​សប្តាហ៍​។​

​ចំនួន​នេះ​បាន​ធ្លាក់ចុះ​វិញ ហើយ X នៅតែ​នាំមុខ​យ៉ាង​រំភើយ ជាមួយ​នឹង​អ្នកប្រើប្រាស់​ប្រហែល ៣៥០ លាន​នាក់ ប៉ុន្តែ​លោក​ម៉ាស​បាន​គំរាម​ប្តឹង Facebook ពីបទ “​លួច​យក​អាថ៌កំបាំង​ពាណិជ្ជកម្ម​របស់ Twitter ដោយ​ខុសច្បាប់​”​។​

​ក្រុមហ៊ុន Meta បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​កាលពី​សប្តាហ៍​មុន លោក​ហ្សាក់​ឃើ​បឺ​ក​បាន​និយាយថា លោក​បាន​ស្នើសុំ​ថ្ងៃទី ២៦ ខែសីហា​សម្រាប់​ការប្រយុទ្ធ​ក្នុង​ទ្រុង​។ បន្ទាប់មក​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្រឡាប់​ចាក់​មួយ​កាលពី​ថ្ងៃ​សុក្រ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​របស់​អ៊ីតាលី​បាន​និយាយថា គាត់​បាន​និយាយ​ទៅកាន់​លោក​ម៉ាស​អំពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​នៅក្នុង​ប្រទេស​ជា​ព្រឹត្តិការណ៍​សប្បុរសធម៌​។​

​លោក​ម៉ា​ស​បាន​ផ្តល់​យោបល់​ថា វា​នឹង​មាន “​រូបភាព​ទីក្រុង​រ៉ូម​បុរាណ​ពីក្រោយ​ទ្រុង​ប្រកួត​”​។​

​ទោះយ៉ាងណា កាលពី​ថ្ងៃអាទិត្យ ថៅកែ Meta បាន​បង្ហោះ​នៅលើ Threads ថា “​អេឡុ​ននឹង​មិន​បញ្ជាក់កាល​បរិច្ឆេ​ទទេ បន្ទាប់​មក​និយាយ​ថា​គាត់​ត្រូវការ​ការវះកាត់ ហើយ​ឥឡូវ​សុំ​ឱ្យ​ហ្វឹកហាត់​នៅ​ទីធ្លា​ក្រោយ​ផ្ទះ​ខ្ញុំ​ជំនួស​វិញ​”​។​

“​ប្រសិនបើអេ​ឡុន​ធ្លាប់​យកចិត្តទុកដាក់​ចំពោះ​កាលបរិច្ឆេទ​ពិត​ប្រាកដ និង​ព្រឹត្តិការណ៍​ផ្លូវការ គាត់​ដឹង​ពី​របៀប​ទាក់ទង​ខ្ញុំ​។ បើ​មិន​ដូច្នេះ​ទេ​វា​ដល់ពេល​ត្រូវ​បន្ត​ទៅមុខ​ហើយ​។ ខ្ញុំ​នឹង​ផ្តោត​លើ​ការប្រកួត​ជាមួយ​មនុស្ស​ដែល​យកចិត្តទុកដាក់​ខ្លាំង​ពី​កីឡា​”​។​

​ទោះយ៉ាងណា ឆ្លើយតប​នៅលើ X លោក​ម៉ា​សបាន​ហៅ​ថៅកែ Meta ថា “​មាន់​”៕

​ហ្សាក់​ឃើ​បឺក (​ឆ្វេង​) និង ម៉ាស

​ហ្សាក់​ឃើ​បឺក ថា​លោក​ម៉ាស មិន​ហ្មត់ចត់​សោះ​រឿង​ប្រកួត​គ្នា​