ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវ​បង្ខំចិត្ត​បញ្ជូន​ចេញ​រថក្រោះ​និង​រថពាសដែក​ចាស់ៗ​ស្ទើរតែ​ពាក់កណ្តាល​របស់គាត់​ពី​ឃ្លាំង​ទីវាល​ដ៏​ធំ​មួយ​នៅ​តំបន់​ស៊ី​បេរី បន្ទាប់ពី​ទទួលរង​ការខាតបង់​យ៉ាងច្រើន​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

​របាយការណ៍​បាន​និយាយថា ម៉ាស៊ីន​សង្គ្រាម​ច្រែះ​ចាប់​ចំនួន ១.៥៧០ គ្រឿង​ត្រូវបាន​ផ្ទេរចេញ​ពី​ឃ្លាំង​ស៊ី​បេរី ហើយ​បាន​ស្ដារ​ឡើងវិញ​ដើម្បី​បម្រើ​ដល់​ការប្រយុទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុ​យក្រែន​។​

​ជាង​៤០ ភាគរយ​នៃ​រថក្រោះ​និង​រថយន្តយោធា ៣.៨៤០ គ្រឿង ដែល​បង្ហាញ​នៅ​លើ​រូបភាព​ផ្កាយរណប​ពី Google Earth នៅឯ​ឃ្លាំង​សម្ភារៈ​យោធា​វ៉ា​ក​ហ្សា​ណូ​វ៉ូ (Vagzhanovo) មុន​ពេល​សង្គ្រាម​ឥឡូវ​ត្រូវបាន​ដកចេញ​ពី​កន្លែង​ផ្ទុក​ហើយ​។​

​ទីតាំង​ឃ្លាំង​នៅក្នុង​សាធារណរដ្ឋ​បូរី​យ៉ា​ធ្យា (Buryatia) គឺជា​ទីតាំង​ធំជាងគេ​នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​៨​គីឡូម៉ែត្រ​ការ៉េ​។​

​វីដេអូ​បង្ហាញ​រថក្រោះ​បុរាណ​ដែល​បាន​កែច្នៃ​ឡើងវិញ​ពី​ឃ្លាំង​ដូចជា Vagzhanovo ដែល​ក្នុងនោះ​មាន​ជាច្រើន​គ្រឿង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី ត្រូវបាន​ផ្ទេរ​ទៅ​កាន់​តំបន់​សង្គ្រាម​តាម​រថភ្លើង​យោធា​។​

​ការប្រើប្រាស់​សព្វាវុធ​សម័យ​សូ​វៀត​គឺជា​សញ្ញា​នៃ​ភាព​អស់សង្ឃឹម​របស់​ពូ​ទីន ប៉ុន្តែ​ក៏​អាច​ជា​ការ​គណនា​ខុស​ដែរ ដែលថា ធនធាន​មាន​ស្រាប់​របស់​គាត់​នឹង​បំពេញបាន​នូវ​តម្រូវការ​សង្គ្រាមរ​បស់​គាត់​៕

​រថក្រោះ​ច្រែះ​ចាប់​ជាង ១.៥០០ គ្រឿង​កំពុង​ដឹក​ពី​រុស្ស៊ី​ទៅ​អ៊ុ​យក្រែន