នៅក្នុងជីវិតយើងម្នាក់ៗ តែងតែជួបប្រទះនូវហេតុការណ៍មួយចំនួន ដែលធ្វើឱ្យយើងនឹកគិតដល់គំនិតមួយ ក៏ដូចជាសំណួរមួយចំនួន ដែលហាក់បីដូចជាមានអាទិភាពខ្លាំងណាស់នៅពេញមួយជីវិតរបស់យើង។ ដូចជាហេតុការណ៍ នៃការចូលមន្ទីរពេទ្យដំណាក់កាលចុងក្រោយរបស់ម្ដាយខ្ញុំនាពេលថ្មីៗនេះ គឺជាកាលៈទេសៈមួយដែរ ហើយហេតុការណ៍នេះ មិនត្រឹមតែជំរុញឱ្យខ្ញុំនឹកគិតដល់ ជីវិតរបស់ម្ដាយខ្ញុំតែប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យខ្ញុំបាននឹកគិតទៅដល់ ការលះបង់របស់គាត់ចំពោះក្រុមគ្រួសារ កូនចៅ ក៏ដូចជាការលះបង់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។
ម្ដាយរបស់ខ្ញុំឈ្មោះ កែវ ណាន កើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩២៨ ត្រូវនឹងឆ្នាំម្សាញ់ នៅភូមិខ្មែរលើ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ម្តាយរបស់ខ្ញុំ មានបងប្អូនប្រុសស្រីទាំងអស់៥នាក់ គឺ កែវ អឿន, កែវ នី (ស្រី), កែវ អៃ, កែវ ឈឿន និងរូបគាត់។ ឪពុករបស់គាត់ឈ្មោះ កែវ អឿ និងម្តាយរបស់គាត់ឈ្មោះ សាគូ ណម។ ម្តាយរបស់ខ្ញុំរៀបការជាមួយឪពុករបស់ខ្ញុំ ឈ្មោះ កែវ ទិន ដែលមានកំណើតនៅឆ្នាំ១៩២៣ ត្រូវនឹងឆ្នាំកុរ។ ឪពុករបស់ខ្ញុំ និងបងប្អូនទាំងអស់របស់ម្តាយខ្ញុំ បានទទួលអនិច្ចកម្មអស់ហើយ។ ដូចទៅនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតដែរ គាត់មានកូនច្រើននាក់ ប៉ុន្តែកូនមួយចំនួនបានបាត់បង់ជីវិត អស់ទៅហើយ។ នៅលើលោកនេះ ប្រហែលជាគ្មានការឈឺចាប់ណា ស្មើនឹងការឈឺចាប់ ដែលកូនរបស់ខ្លួនត្រូវលាចាកលោកមុនឪពុកម្ដាយនោះទេ ហើយរបបខ្មែរក្រហម គឺជារបបដែលបន្សល់ទុកនូវការឈឺចាប់ដ៏យូរអង្វែងមួយ ដែលធ្វើឱ្យកូនៗ ឪពុកម្ដាយ និងគ្រួសាររបស់ពួកគាត់ជាច្រើនស្លាប់ទាំងគ្មានកំហុស។
ម្ដាយរបស់ខ្ញុំ បានជួបរឿងដ៏គួរឱ្យរន្ធត់ច្រើនជាខ្លាំង ដោយគាត់ត្រូវប្រឈមមុខមើលកូនចំនួន៦នាក់ ក្នុងចំណោមកូន១០នាក់ ទទួលមរណភាព។ កូនខ្លះ ស្លាប់នៅមុនពេល ក្នុងអំឡុងពេល និងក្រោយពេលសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដ៏ឃោរឃៅ។ ខ្ញុំគឺជាកូនពៅដែលជាកូនទី ១០ ក្នុងគ្រួសារ ហើយម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា នៅពេលខ្ញុំកើតមក គាត់បានដាក់ឈ្មោះឱ្យខ្ញុំ ផ្សេងមួយទៀតទេ ប៉ុន្តែដោយសារតែការភ័យខ្លាច និងជំនឿផ្សេងៗផងនោះ គាត់ក៏បានដាក់ឈ្មោះដូចសព្វថ្ងៃនេះមកឱ្យខ្ញុំ (គាត់ហៅខ្ញុំថា៖ អាយុ ដែលឈ្មោះពេញនោះគឺ ទីឃាយុកោ)។ ឈ្មោះរបស់ខ្ញុំដែលគាត់ដាក់ឲ្យនៅពេលដែលខ្ញុំកើត គឺសំដៅលើថ្ងៃដែលខ្ញុំកើត គឺថ្ងៃចន្ទ (គាត់ដាក់ឈ្មោះថា ច័ន្ទ សុខ) ហើយគាត់ជឿថា ឈ្មោះនេះអាចជួយឱ្យខ្ញុំមានសំណាងល្អ អាចរស់រានមានជីវិតនៅក្នុងស្ថានភាពលំបាកដែលយើងរស់នៅក្នុងពេលនោះ។
កាលពីសម័យខ្មែរក្រហម ខ្ញុំនៅជាកូនក្មេងនៅឡើយ ហើយខ្ញុំមិនសូវដឹងច្រើនអំពី របៀបរស់នៅនោះទេ។ ប៉ុន្តែខ្ញុំបានរៀនចេះអំពីរបៀបរស់បានយ៉ាងឆាប់រហ័ស ដោយសារតែខ្ញុំ មិនអាចទ្រាំនឹងសេចក្ដីស្រេកឃ្លាន ដែលទារុណកម្មមួយ ដ៏ធ្ងន់ធ្ងរមកលើរូបខ្ញុំ។ ប៉ុន្តែ ដូចទៅនឹងបងប្អូនប្រុសស្រីបង្កើត របស់ខ្ញុំទាំងអស់ដែរ យើងតែងតែពឹងផ្អែកលើម្ដាយរបស់យើង ដើម្បីធ្វើជាអ្នកណែនាំ ពុះពារ និងជាអ្នកការពារ ថែទាំយើង ដ៏រឹងមាំមួយ។ នៅពេលរំឭកអំពីអតីតកាលបែបនេះ គឺធ្វើឱ្យខ្ញុំមានចិត្តមិនស្ងប់ នៅពេលនឹងគិតដល់តួនាទីម្ដាយរបស់ខ្ញុំនៅក្នុងគ្រួសារ នៅក្នុងសម័យកាលដ៏លំបាកលំបិនបំផុតនោះ និងការទទួលស្គាល់ តួនាទីរបស់គាត់ដែលកាន់តែតិចទៅៗ នៅបណ្ដាឆ្នាំក្រោយៗមកទៀត នៅក្នុងក្រុមគ្រួសាររបស់យើង។ ក្ដីរន្ធត់ដ៏ខ្លាំងប្រៀបបានទៅនឹងរបបខ្មែរក្រហមដែរនោះ ខ្ញុំគិតថាស្មារតីរបស់ម្ដាយខ្ញុំ និងការផ្ដល់តម្លៃលើខ្លួនឯង គឺពិតជាអស្ចារ្យណាស់ក្នុងពេលនោះ ដោយសារតែយើងទាំងអស់គ្នាពឹងផ្អែកទៅលើគាត់ ដើម្បីអាចរស់បាន ហើយគាត់និងយើងទាំងអស់គ្នា ពិតជាទទួល ស្គាល់ថានេះគឺជាការពិត។
មានការលើកឡើងផ្ទុយគ្នា យ៉ាងហោចណាស់ចំពោះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួន ដែលថាស្មារតីនៃការសម្រេចគោលបំណង និងតម្លៃគុណបំណាច់មួយចំនួន កើតឡើងដោយសារការឆ្លងកាត់សម័យខ្មែរក្រហម ហើយនៅពេលដែលជីវិតយើងមានភាពល្អប្រសើរសង្គម មានការវិវឌ្ឍទៅមុខ ស្មារតីនៃការសម្រេចតម្លៃគុណបំណាច់នេះ ហាក់បីដូចជាមានការធ្លាក់ថយចុះ រហូតក្លាយទៅជាការចងចាំមួយ ដែលត្រូវបានគេបំភ្លេចចោលសម្រាប់សង្គមកម្ពុជា បើទោះបីជាមិនមានការបំភ្លេចចោលទាំងស្រុងយ៉ាងណាក្ដី។
នៅក្រោយរបបខ្មែរក្រហម ក្រុមគ្រួសាររបស់ខ្ញុំ និងខ្ញុំ នៅតែពឹងផ្អែកទៅលើជំហររឹងមាំរបស់ម្ដាយយើង ប៉ុន្តែនៅពេលដែលពេលវេលាចេះតែរំកិលទៅមុខហើយជីវិតក៏ចាប់ផ្ដើមត្រលប់ទៅរកភាពនឹងនរ និងធម្មតាវិញម្ដងបន្តិចៗ យើងក៏បានចាប់ផ្ដើមលែងសូវពឹងផ្អែកទៅលើម្ដាយរបស់យើងតទៅទៀតដែរ។ ហើយនៅពេលដែលម្ដាយរបស់យើង មានវ័យកាន់ តែចាស់ទៅៗ យើងមិនបានចងចាំអំពីស្មារតី ភាពរឹងមាំ ការដឹកនាំ ភាពនឹងនរ និងការថែទាំដូចដែលគាត់មានកាលពីនៅក្មេងទៀតឡើយ។
កូនៗរបស់អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ជំនាន់កូនរបស់ពួកគេ និងអ្នកជំនាន់ក្រោយៗ មិនត្រូវភ្លេចទេថា ឪពុកម្ដាយរបស់យើង ដែលបានរស់ក្នុងរបបខ្មែរក្រហមនោះ មិនត្រឹមតែដើរតួនាទីជាឪពុកម្ដាយ ជីដូនជីតា តាទួតយាយទួត របស់អ្នកជំនាន់ក្រោយនេះនោះទេ លើសពីនេះគាត់ទាំងអស់ក៏ជាវីរៈជន ដែលមានគុណូបការៈចំពោះប្រទេសជាតិទៀតផង។
រហូតទាល់តែដល់ថ្ងៃនេះ ដែលស្ថានភាពសុខភាពម្ដាយរបស់ខ្ញុំ ចុះខ្សោយជាបន្តបន្ទាប់ ទើបខ្ញុំភ្ញាក់ខ្លួនថា ខ្ញុំនៅជំពាក់គុណបំណាច់គាត់ដ៏មហាធំធេង ហើយសង្គមខ្មែរនៅជំពាក់គុណូបការៈចំពោះ វីវៈជនជំនាន់នោះយ៉ាងច្រើនលើសលុប ក្នុងការជួយថែរក្សាជីវិតគ្រួសាររបស់គាត់ទាំងអស់ ដែលរស់រាននៅក្នុងសម័យកាលដ៏យង់ឃ្នងមួយនេះ។
ខ្ញុំសូមសម្ដែងនូវការដឹងគុណជាអនេកចំពោះក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកដែលបានជួយព្យាបាលនិងថែទាំម្ដាយរបស់ខ្ញុំ ជាពិសេសគឺ លោកវេជ្ជបណ្ឌិតវ័យ ក្មេង ឆ ប៊ុនប៉ូល ឯកទេសផ្នែកថែទាំសួត និងផ្លូវដង្ហើម។ ហើយខ្ញុំក៏សូមដឹងគុណដល់វេជ្ជបណ្ឌិត កាំង គីមសាន និង លោកប្រធានវេជ្ជបណ្ឌិត បូរី សុថាណារិទ្ធ និងវេជ្ជបណ្ឌិត ភោគ សុវណ្ណ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកពីសំណាក់ប្រទេសបារាំងក្នុងប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជា ដែលការរួមចំណែកនេះពិតជាបានផ្ដល់ជាជំនួយជាច្រើនដល់ប្រជាជនកម្ពុជាដែលមានតម្រូវការផ្នែកថែទាំវេជ្ជសាស្ត្រទំនើប ព្រមទាំងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកវ័យក្មេងដែលបម្រើការងារនៅទីនោះ។ ការរួមចំណែកនេះ បានផ្ដល់ឱកាសដល់យុវជនកម្ពុជាវ័យក្មេងក្នុងការសិក្សា អនុវត្ត និងសម្រួចជំនាញ និងឯកទេសរបស់ខ្លួននៅមណ្ឌលវេជ្ជសាស្ត្រដែលមានវិជ្ជាជីវៈខ្ពស់បែបនេះ។ គិលានុបដ្ឋាយិកាដែលក្លាយជាក្រុមគ្រួសារមួយរបស់ខ្ញុំគឺ លោកគ្រូពេទ្យ បញ្ញា លោកគ្រូពេទ្យរ៉ាន់ លោកគ្រូពេទ្យ បូ និងលោកគ្រូពេទ្យ សា។ សរុបមក ម្ដាយរបស់ខ្ញុំនឹងមិនអាចមានជីវិតរស់រានបានឡើយ ប្រសិនបើគ្មានការថែទាំពីសំណាក់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកទាំងនោះ។
ជារួម ប្រទេសកម្ពុជា នឹងមិនអាចក្លាយជាប្រទេសដ៏រឹងមាំ និងមានភាពធន់រហូតមកដល់សព្វថ្ងៃនេះបានដែរ ប្រសិនបើគ្មានភាពរឹងមាំ ការលះបង់ និងវីរភាពរបស់មនុស្សចាស់ជំនាន់មុន ដែលបានឆ្លងកាត់របបខ្មែរក្រហម។ យើងពិតជាមានការដឹងគុណ សេចក្ដីគោរព និងសូមផ្ដល់កិតិ្តយសដ៏ខ្ពង់ខ្ពស់ចំពោះគាត់គ្រប់ៗគ្នា។ នៅពេលដែលខ្ញុំសរសេរអត្ថបទនេះ ម្ដាយរបស់ខ្ញុំគឺនៅមានជីវិតនៅឡើយទេ ប៉ុន្តែខ្ញុំពិតជាមិនដឹងទេថា តើគាត់អាចនឹងនៅបន្តមានជីវិតរហូត ដល់ពេលដែលអត្ថបទនេះត្រូវបានចុះផ្សាយជាសាធារណៈដែរឬទេ។ ជីវិតរបស់គាត់ គឺស្ថិតនៅក្នុងដៃទេវតាទៅហើយ ហើយខ្ញុំមិនមានអ្វីក្រៅពីការបួងសួងសូមឱ្យ ទេវតាថែរក្សាគាត់ជាប់ជានិច្ចតទៅ។ ម្តាយរបស់ខ្ញុំ ចាប់ផ្តើមមានជរាពាធ នៅថ្ងៃទី២0 ខែមិថុនា ឆ្នាំ២០២៣ ហើយទទួលមរណភាពនៅ ថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២និង៣៣នាទីភ្លឺ។ សរន