ដោយ : ប.ជ័យ / បន្ទាយមានជ័យ: អាជ្ញាធរក្រុងសិរីសោភ័ណបន្តដាំដើមក្ងោកបានជាង១០០ដើមហើយ ក៏បន្តដាំដើមឈើដទៃដូចជាដើមផ្កាសាគូរ៉ា ដើមគគីរ កកោះរួមទាំងឈើតាមឈ្មោះភូមិ សង្កាត់មួយចំនួនដូចជាដាំដើមម្កាក់នៅសង្កាត់ម្កាក់ ដើមព្រហូតនៅភូមិព្រហូតសង្កាត់អូរអំបិល ដើមអង្គាសបុស្បនៅភូមិអង្គាបុស្សសង្កាត់កោះពងសត្វនិងសង្កាត់ភ្នៀត ដើមពង្រនៅភូមិពង្រសង្កាត់កំពង់ស្វាយ ។
លោក ស្រេង សុផល អភិបាលស្រុកសិរីសោភ័ណបាន ប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣ ។ លោកបានបន្តថា ក្រៅពីដើមឈើដូចខាងលើ អាជ្ញាធរក្រុងសិរីសោភ័ណក៏បានរៀបចំចាក់ដី ពង្រាបរៀបចំធ្វើសួនក្នុងបរិវេណសាលាក្រុង ដោយដាំឈើលម្អ ឈើផ្កានិងឈើប្រណីតមានឈ្មោះក្នុងនិមិត្តរូបជាតិដើមទុកអោយសាធារណ:ជនបានស្គាល់ផងដែរ នៅពេលណា បងប្អូនមានធុរ:ឬការងារមកសាលាក្រុង។
លោក ស្រេង សុផល បានបន្តថា កន្លងមកនិងចំពោះមុខ រដ្ឋបាលក្រុងសូមថ្លែងអំណរគុណដល់មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង សាធារណ:ជន សប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពដាំដើមឈើ ផ្តល់ដើមឈើ ផ្តល់សម្ភារ: ថវិកានិងគាំទ្រឬផ្តល់ការលើកទឹកចិត្តដល់ក្រុង ហើយសង្ឃឹមថា នឹងមានជំនួយឧបត្ថម្ភគាំទ្របន្តទៀតដើម្បើគោលបំណងក្រុងបៃតង ក្រុងមានផ្កាគ្រប់រដូវ និងភូមិ សង្កាត់មានឈើជានិមិត្តរូបឈ្មោះរបស់ខ្លួន ។
សូមរំលឹកថា កន្លងមកក្រុងសិរីសោភ័ណបានដាំដើមក្ងោកនិងឈើនានាលើទីតាំងមួយចំនួនដូចជា: នៅវិថី៧មករា ជាប់របងខាងត្បូងនៃសាលាក្រុង ,ផ្លូវជាតិលេខ៥,ផ្លូវជាត់លេខ៦, ផ្លូវជាតិលេខ៥៦និងផ្លូវនានាក្នុងភូមិ សង្កាត់និងក្រុង ៕.mara