ដោយ:បូកគោ/កែប: ទូរថភ្លើងដឹកស៊ីទែនផ្ទុកប្រេងបានរបូត រួចបោកប៉ះទង្គិចគ្នាធ្លាក់ចេញពីផ្លូវបណ្តាលឱ្យអ្នកបើកបរ២នាក់រងរបួសស្រាលកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។
មន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកែបបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី១៤ ខែសីហា មានករណីគ្រោះថ្នាក់ចរាចរផ្លូវដែកបានកើតឡើងដោយរថភ្លើងរបូតទូស៊ីតែនដឹកប្រេង រួចបោកប៉ះទង្គិចគ្នា ហើយធ្លាក់ចេញពីផ្លូវត្រង់ចំណុចប៉េ.កា១៤៨ ស្ថិតក្នុងភូមិដំណាក់ចង្អើរសង្កាត់ព្រៃធំ ក្រុងកែប។
ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកបើកបររថភ្លើង២នាក់រងរបួសស្រាល រួមមាន ១. ឈ្មោះ គង់ សន ភេទប្រុស អាយុ ៦១ឆ្នាំ។ ២. ឈ្មោះ ព្រាប សុវត្តិ ភេទ ប្រុស អាយុ ៣០ឆ្នាំ។ ទាំង២នាក់មានទីលំនៅក្នុងរាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ជាមួយនេះក៏បានធ្វើឱ្យក្បាលរថភ្លើង១គ្រឿងរងការខូចខាត ព្រមទាំងស៊ីទែនចំនួន២ធ្លាយហូរប្រេងផងដែរ៕.mara