ដោយ: ភ្នំខៀវ / បាត់ដំបង: ល្អាងតេជោដំឌិន ល្អាងបិតមាស ក៏ដូចជាល្អាងកង្កែប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅតែជាមេដែកទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលបួងសួង ទស្សនាកម្សាន្ត និងសិក្សាពីប្រវត្តិសាស្ត្រខ្មែរ ជាហូរហែឥតដាច់។

លោក សុភក្ត្រ ជាអាជីវកររស់នៅក្នុងក្រុងបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះថា៖ នៅថ្ងៃនេះ លោក ក៏ដូចជាអាជីវករដទៃទៀត ប្រមាណជា ៣០ នាក់ បានមូលមតិគ្នា នាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងមានបច្ច័យមួយចំនួន ទៀតផងដែរ ទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ក្នុងវត្តជីហង្ស រួមទាំងវត្តល្អាងព្រះបាទ ឬវត្តល្អាងកង្កែប ដើម្បីផ្សាភ្ជាប់និស្ស័យផ្នែកព្រះពុទ្ធសាសនា ឧទ្ទិផលបុណ្យទាំងឡាយ នេះ ទៅដល់ដូនតាបុព្វបុរសខ្មែរ តាមប្រពៃណី ទំនៀមទំលាប់ ដែលរក្សាមកជាយូរលង់។

លោកអាចារ្យមួយរូប ដែលគង់នៅក្នុងវត្តល្អាងព្រះបាទ បានឲ្យដឹងដែរថា៖ វត្តល្អាងព្រះ បាទ ឋិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្ន នៅតែបន្តមានពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ចូលមកធ្វើបុណ្យ និងទស្សនាកម្សាន្ត ជាបន្តបន្ទាប់ឥតដាច់ ដោយពេល ខ្លះ មានពុទ្ធបរិស័ទពី ៤ ទៅ ១០ឡាន ហើយមានភ្ញៀវចន្លោះពី ៣០ ទៅ ៥០នាក់ ក្នុងមួយថ្ងៃៗ។ ពុទ្ធសាសនិកជនខ្លះ មកពីបណ្តាខេត្ត ដូចជា: ខេត្តបាត់ដំបង ទីក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងមកពីខេត្តសៀមរាប ជាដើម…។

ព្រឹទ្ធាចារ្យខាងលើ បានបញ្ជាក់បន្តថា៖ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ដែលធ្វើដំណើរមក ដល់ តែងតែនាំទេយ្យទាន បច្ច័យនានា មកប្រគេនដល់ព្រះសង្ឃ រួចបន្តឡើងទៅលំហែ កាយលើភ្នំ និងចូលក្នុងល្អាងកង្កែប ក្នុងបំណងទស្សនា បួងសួងសុំសេចក្តីសុខ ក៏ដូចជា បួងសួងប្រាថ្នាសុំកូនប្រុស ឬកូនស្រី និងសុំឲ្យជោគជ័យ លើ​ការងារមុខរបរផងដែរ ហើយតែងបានសម្រេច ដូចការប៉ុនប៉ង។

ក្នុងចំណោមល្អាង ដែលមានភាពទាញខាងលើនេះ ដោយសារមានទីតាំង នៅក្បែរគ្នា ភ្ញៀវទេសចរ ក៏បានឆៀងចូលទស្សនា នូវល្អាងតេជោដំឌិន រួមទាំងល្អាងបិតមាសផងដែរ ដែលឋិតក្នុងភ្នំបាណន់ ក្នុងស្រុកបាណន់ ដើម្បីទស្សនាកម្សាន្ត សិក្សាស្វែងយល់ឲ្យ ស្គាល់កាន់តែច្បាស់បន្ថែមទៀត ពីប្រវត្តិសាស្ត្ររបស់ខ្មែ រាប់ពាន់ឆ្នាំ៕/V/r