ដោយ: បូកគោ / កំពត: រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ផ្អែកតាមគោលនយោបាយទឹកស្អាត របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យគ្រប់ លំនៅស្ថានប្រជាពលរដ្ឋ មានទឹកស្អាតប្រើប្រាស់ ក្រសួងកំពុងរៀបចំច្បាប់ ស្តីពីមូលនិធិ ទឹកស្អាត ក្នុងបំណងស្វែងរកលទ្ធភាពតបណ្តាញជូនគ្រួសារក្រីក្រដែលកាន់ប័ណ្ណសមធម៌។

ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែង អគ្គនាយក និងក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹក កំពត អាណត្តិទី១ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៍ថាៈ ពលរដ្ឋកម្ពុជា ភាគច្រើន នៅទូទាំងប្រទេស មានលទ្ធភាព ក្នុងការតបណ្តាញទឹកស្អាតប្រើប្រាស់។ ប៉ុន្តែនៅមូលដ្ឋានខ្លះ ដោយសារកង្វះខាតជីវភាព គ្រួសារមួយចំនួន មិនទាន់ទទួលបានទឹកស្អាត ប្រើប្រាស់នៅឡើយ។
លោកទេសរដ្ឋមន្ត្រី បានបន្តថាៈ កន្លងមក ទោះបីបំពង់ទឹកស្អាត ត្រូវបានអូសឆ្លងកាត់ មុខផ្ទះពលរដ្ឋក្តី ក៏ពួកគាត់គ្មានទឹកស្អាតប្រើប្រាស់ដែរ ព្រោះពុំមានលទ្ធភាពបង់ថ្លៃសេវា តបណ្តាញចន្លោះពី ២៩ ម៉ឺនរៀល ទៅ ៦០ ម៉ឺនរៀលនោះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបាន និងកំពុងរៀបចំច្បាប់ ស្តីអំពីមូលនិធិទឹកស្អាត ដើម្បីស្នើសុំការអនុម័ត ពីនាយករដ្ឋមន្ត្រី ឈានទៅចេញអនុក្រឹត្យ ផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋ ដែលកាន់ប័ណ្ណ សមធម៌ ទទួលបានការតបណ្តាញទឹកស្អាត ប្រើប្រាស់៕ V / N