ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ នាយកដ្ឋានគ្រប់គ្រងជំងឺបានប្រកាសកាលពីថ្ងៃចន្ទថា បុរសជនជាតិថៃម្នាក់ ដែលផ្ទុកវីរុសហ៊ីវ បានក្លាយជាអ្នកជំងឺដំបូងគេក្នុងប្រទេសនេះ ដែលបានស្លាប់បន្ទាប់ពីបានឆ្លងមេរោគអុតអឹម (mpox) ដែលពីមុនត្រូវគេស្គាល់ថា ជំងឺអុតស្វា។
លោកវេជ្ជបណ្ឌិត ថារ៉េត គ្រុតណៃរ៉ាវីវង់ (Tharet Krutnairawiwong) អគ្គនាយកនៃនាយកដ្ឋានខាងលើបាននិយាយថា អ្នកជំងឺអាយុ ៣៥ ឆ្នាំបានស្លាប់នៅវិទ្យាស្ថានជំងឺឆ្លងបាំរ៉ាស្នារ៉ាឌូរ៉ា (Bamrasnaradura) កាលពីថ្ងៃសុក្រ។ បុរសនោះជាអ្នករស់នៅខេត្តឈុនបុរី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកដំបូង នៅពេលដែលគាត់បានទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យឯកជនមួយកាលពីថ្ងៃទី៣ ខែកក្កដា បន្ទាប់ពីគាត់មានអាការៈគ្រុនក្តៅ ឈឺក្បាល កន្ទួល និងពងបែកលើផ្នែកជាច្រើននៃរាងកាយរបស់គាត់។
នៅថ្ងៃទី ១១ ខែកក្កដា មន្ទីរពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា គាត់អាចឆ្លងមេរោគអុតអឹម ដូច្នេះមន្ទីរពេទ្យបានបញ្ជូនសំណាករបស់គាត់សម្រាប់ធ្វើតេស្តិ៍ទៅកាន់វិទ្យាស្ថានជំងឺឆ្លងបាំរ៉ាស្នារ៉ាឌូរ៉ា។
កាសែតបាងកកប៉ុស្តិ៍បាននិយាយថា អ្នកជំងឺត្រូវបានធ្វើតេស្តិ៍វិជ្ជមានមេរោគអុតអឹម ស្វាយ និង ហ៊ីវ ដែលបង្កជាជំងឺអេដស៍។
យោងតាមកាសែតបាងកកប៉ុស្តិ៍ លោកវេជ្ជបណ្ឌិត ថារ៉េត បាននិយាយថា អ្នកជំងឺក្រោយមកបានឈឺបំពង់ក ដោយសារតែការឆ្លងមេរោគផ្សិត ដែលជាមេរោគឱកាសនិយមចំពោះអ្នកផ្ទុកមេរោគហ៊ីវ។
បន្ទាប់ពីការព្យាបាលរយៈពេលបួនសប្តាហ៍ កន្ទួលបានជាសះស្បើយ ហើយគាត់ត្រូវបានអនុញ្ញាតឱ្យចេញពីវិទ្យាស្ថាន។
ទោះយ៉ាងណា នៅថ្ងៃទី៩ ខែសីហា គាត់បានអស់កម្លាំងនិងពិបាកដកដង្ហើម ហើយត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានវិញភ្លាមៗ។
វេជ្ជបណ្ឌិតនៅវិទ្យាស្ថានជំងឺឆ្លងបាំរ៉ាស្នារ៉ាឌូរ៉ាបានរកឃើញថា កន្ទួល ដែលបណ្តាលមកពីអុតអឹម បានរាលដាលពាសពេញរាងកាយរបស់គាត់។ ការឆ្លងមេរោគនេះបានរីករាលដាលដល់សួត និងខួរក្បាលរបស់គាត់ ហើយគាត់មាន CD4 ទាបត្រឹមតែ ១៦ ប៉ុណ្ណោះ។
ចំនួន CD4 ធម្មតាគឺពី ៥០០ ទៅ ១.៤០០ កោសិកាក្នុងមួយមិល្លីម៉ែត្រគូបនៃឈាម។ CD4 គឺជាប្រភេទមួយនៃកោសិកាឈាមស។ ការរាប់ចំនួន CD4 ភាគច្រើនត្រូវបានប្រើដើម្បីពិនិត្យសុខភាពនៃប្រព័ន្ធភាពស៊ាំ ប្រសិនបើនរណាម្នាក់បានឆ្លងមេរោគហ៊ីវ។
លោកវេជ្ជបណ្ឌិត ថារ៉េត បានព្រមានមនុស្សក្នុងក្រុមដែលមានហានិភ័យខ្ពស់ ជាពិសេសអ្នកស្រឡាញ់ភេទដូចគ្នា កុំឱ្យរួមភេទជាមួយមនុស្សចម្លែក ព្រោះពួកគេអាចឆ្លងអុតអឹមយ៉ាងងាយ។
គិតត្រឹមថ្ងៃទី ៨ ខែសីហា ប្រទេសថៃមានអ្នកឆ្លងមេរោគអុតអឹមចំនួន ១៨៩ នាក់ ក្នុងនោះជនជាតិថៃ ១៦១ នាក់ និងជនបរទេស ២៨ នាក់ ។
វេជ្ជបណ្ឌិត ថារ៉េត បន្ថែមថា អ្នកជំងឺភាគច្រើនជាបុរសស្រឡាញ់ភេទដូចគ្នា ហើយ ៨២ នាក់ក៏មានផ្ទុកមេរោគហ៊ីវផងដែរ។
លោកបាននិយាយថា មនុស្ស ១៥២ នាក់បានស្លាប់ដោយសារជំងឺអុតអឹមនៅក្នុងប្រទេសជាច្រើនចាប់តាំងពីការរីករាលដាលនៃជំងឺនេះបានចាប់ផ្តើមនៅក្នុងទ្វីបអឺរ៉ុប៕
ការឆ្លងមេរោគនេះបានរីករាលដាលដល់សួត និងខួរក្បាលរបស់គាត់ ហើយគាត់មាន CD4 ទាបត្រឹមតែ ១៦ ប៉ុណ្ណោះ