ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌ អាស៊ី បានលើកឡើងថាៈ គណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតថ្មីៗនេះ នៅបន្តគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែង និងដល់មូលដ្ឋានតែម្តង ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ មកទទួលការព្យាបាលជំងឺទូទៅ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំ មានរយៈពេលចំនួន ៣ថ្ងៃ សរុបចំនួន ៣.៦១០នាក់ កម្មវិធីអ្នកតំណាងរាស្រ្ត «ដើម្បីសុខភាពប្រជាជន» ដែលដឹកនាំផ្ទាល់ដោយលោក សួស យ៉ារ៉ា និងសហការជាមួយ សមាគមប្រឹក្សាសុខភាពប្រជាជន។
លោក ផល បុណ្ណបណ្ឌិត ក្រុមការងារលោក សួស យ៉ារ៉ា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥ ខែសីហា នេះថាៈ ថ្ងៃទី១ មានប្រជាពលរដ្ឋចំនួន ១.២០០ នាក់ ថ្ងៃទី២ មានប្រជាពល រដ្ឋចំនួន ១.៨១០ នាក់ និងថ្ងៃចុងក្រោយ មានប្រជាពលរដ្ឋ ចំនួន ៦០០ នាក់ ។
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងដែរថាៈ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាជន មានសេចក្តីសោមនស្សរីករាយ ដែលបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានចុះពិនិត្យសុខភាព និងព្យាបាលជំងឺ ឥតគិតថ្លៃ ជូនពុកម៉ែបងប្អូនដែលអញ្ជើញមកពី ៩ ក្រុង– ស្រុក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំនេះ បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ មានអារម្មណ៍ សប្បាយរីករាយ ដែលបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដែលបានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដោយផ្ទាល់នៅក្នុងខេត្តកំពង់ធំ នាពេលនេះ និងបានថ្លែងអំណរគុណចំពោះសកម្មភាពរបស់ ក្រុមគ្រូពេទ្យសាធារណរដ្ឋកូរ៉េ និងក្រុមការងារកម្មវិធីអ្នកតំណាងរាស្រ្ត ដើម្បីសុខភាព ប្រជាជន ព្រមទាំងក្រុមការងារសមាគមប្រឹក្សាសុខភាពប្រជាជន។
សូមបញ្ជាក់ថា៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ៕/V-PC