ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ នៅថ្ងៃទី១៦ខែសីហាស្អែកនេះក្រុមភ្នំពេញក្រោនដែលជាក្រុមជើងឯកLeagueកម្ពុជានឹងបើកទ្វារផ្ទះទទួលភ្ញៀវគឺក្រុមYoung Elephants FCដែលជាក្រុមជើងឯក លីគកំពូលឡាវ។
លោក អូឡេក ស្តារិនស្គី ( Oleg Starynskyi )គ្រូបង្វឹកក្រុមភ្នំពេញក្រោនដែលជាជនជាតិអ៊ុយក្រែននោះបាន លើកឡើងថា ក្រុមខ្លួនបានរង់ចាំការប្រកួតជម្រុះ AFC Cup រយៈពេល ១ឆ្នាំមកហើយ ហើយលោកក៏បានដាក់គោលដៅប្រជែងកៅអីវគ្គបន្ដឲ្យខាងតែបានក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះទៀតផង។ សម្រាប់ការប្រកួតវគ្គជម្រុះបឋម ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) អនុញ្ញាតឲ្យរៀបចំការប្រកួតនៅទឹកដីកម្ពុជាខាងលើ នឹងចាប់ផ្ដើមការប្រកួតនាម៉ោង ៦ល្ងាចស្អែក ហើយក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី នៅវគ្គ Play-Off Stage នាថ្ងៃទី២៣ ខែសីហា ដើម្បីដណ្ដើមកៅអីវគ្គចែកពូល (Group Stage) នៃពានរង្វាន់ AFC Cup 2023។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនដដែល បញ្ជាក់ថា យើងរង់ចាំការប្រកួតនេះរយៈពេល ១ឆ្នាំមកហើយ។នេះគឺជាការប្រកួតដែលយើងចង់លេងហើយគោលដៅរបស់យើងគឺឡើងទៅលេងវគ្គបន្ត។ ដូច្នេះលោកគិតថា នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត។ ចំពោះគូប្រជែងក្នុងវគ្គជម្រុះបឋមនេះ លោក យល់ថា ក្រុមYoung Elephants FC គឺមានកីឡាករចាកចេញមួយចំនួននិងនាំចូលមួយចំនួនដូចគ្នាប៉ុន្តែប្រព័ន្ធលេងរបស់គេគឺរក្សាដដែល។ ពួកគេគឺជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់ច្រើន ក៏ដូចជាគ្រប់គ្រងការប្រកួតដែរ ដូច្នេះគឺស្រដៀងនឹងការលេងរបស់យើងដែរ៕/r