ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកជំនាញបានប្រកែកតវ៉ាជាយូរមកហើយថា ការមាន “ដំណេកមួយស្រឡេតដ៏មានថាមពល” នៅកន្លែងធ្វើការអាចបង្កើនការស្មារតីមោះមុត បង្កើនផលិតភាព និងថែមទាំងធ្វើឱ្យអ្នកកាន់តែមានភាពច្នៃប្រឌិតទៀតផង។
ឥឡូវនេះ ក្រុមហ៊ុនជប៉ុនមួយបានបង្ហាញទ្រុងដ៏ចម្លែកមួយ ដែលផ្តល់ភាពងាយស្រួលជាងពេលមុនដល់កម្មករនិយោជិតដើម្បីគេងមួយស្រឡេត។
ទ្រុង Giraffenapគឺជាទ្រុងបញ្ឈរ ដែលអនុញ្ញាតឱ្យបុគ្គលិកការិយាល័យគេងត្រង់ដូចថនិកសត្វកវែងយ៉ាងអ៊ីចឹង។
មានទំហំប៉ុនទូទូរស័ព្ទសាធារណៈតូចមួយ វាមានវេទិកាជាច្រើន ដែលទ្រទ្រង់ទម្ងន់រាងកាយ ខណៈរារាំងសំឡេងរំខានពីខាងក្រៅ។
ទោះយ៉ាងណា នៅកម្ពស់ត្រឹមតែ ៨,៤ ហ្វីត (២,៥៦ ម៉ែត្រ) និងទទឹង ៤ ហ្វីត (១,២២ ម៉ែត្រ) អ្នកធ្វើការប្រហែលជាចង់ជ្រើសរើសដេកលើសាឡុងការិយាល័យ ឬ សម្រាកក្បាលរបស់ពួកគេនៅលើតុតាមរបៀបចាស់វិញល្អជាង។
ទ្រុង Giraffenap គឺជាការបង្កើតថ្មីរបស់ក្រុមហ៊ុន Koyoju Plywood Corporation នៅកោះហុកកៃដូ ប្រទេសជប៉ុន ជាប្រទេសមួយដែលសង្គមអាចទទួលយកបានក្នុងការដេកលក់នៅតុធ្វើការរបស់អ្នក។
ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងធ្វើការ “ឆ្ពោះទៅរកសង្គមមួយដែលមនុស្សគ្រប់គ្នាអាចគេងបានយ៉ាងងាយស្រួល” ហើយទីបំផុត “ធ្វើឱ្យអាជីវកម្មនិងការថែទាំសុខភាពល្អប្រសើរឡើង”។
គេដឹងមិនច្បាស់ទេថាតើទ្រុងនេះមានតម្លៃប៉ុន្មានសម្រាប់ដំឡើងនៅក្នុងការិយាល័យរបស់ក្រុមហ៊ុន។ វេបសាយ MailOnline បានទាក់ទងក្រុមហ៊ុនសម្រាប់ព័ត៌មានបន្ថែម។
ក្រុមហ៊ុនបាននិយាយថា “ប្រហែលជាមានមនុស្សជាច្រើនមិនអាចបំបាត់ភាពនឿយហត់និងភាពតានតឹងផ្នែករាងកាយរបស់ពួកគេបាន ហើយសុខចិត្តស៊ូទ្រាំនឹងការងងុយគេង ហើយបន្តធ្វើការ”។
“ឥឡូវនេះ យើងកំពុងខិតជិតដល់សម័យកាលមួយ ដែលយើងលុបបំបាត់ការគិតមិនល្អអំពីការគេងនៅការិយាល័យ។ សូមគេងលក់ ខណៈកំពុងឈរ ហើយងើបឡើងវិញស្តារបញ្ញានិងរាងកាយរបស់អ្នកក្នុងរយៈពេលដ៏ខ្លី”។
ក្រុមហ៊ុន Koyoju Plywood Corporation ផ្តល់ជូននូវការរចនាពីរជម្រើសសម្រាប់ទ្រុងដេករបស់ខ្លួន គឺទ្រុងបែប “អវកាស” នាពេលអនាគត និង ទ្រុងពណ៌ “ឈើ” ចាស់។
ពីខាងក្រៅ ទ្រុងបញ្ឈរនេះអាចត្រូវគេច្រឡំស្មានថាជាទូផ្ទុកទិន្នន័យ កន្លែងឯកជនសម្រាប់ការហៅទូរស័ព្ទក្នុងសន្និសីទ ឬសូម្បីប្រភេទច្រកចូលក្នុងអគារមួយចំនួន។
ប៉ុន្តែនៅខាងក្នុងគឺជាការរៀបចំកៅអីដ៏ឡូយ ដែលអនុញ្ញាតឱ្យអ្នកសម្រួលឥរិយាបថបានយ៉ាងស្រួល៕
ទ្រុងដេក Giraffenap