ដោយៈ គង់ហេង/ ត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុកគ្នារវាងម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដែលករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោល២៣១-២៣២ ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ កាលពីម៉ោងជាង ៩ យប់ថ្ងៃទី ១៤ ខែសីហាម្សិលមិញ។

ប្រភពព័ត៌មានពីស្រុកមេមត់បានប្រាប់ឱ្យដឹងថាៈ បុរសជាជនរងគ្រោះដែលបានស្លាប់ពេលបញ្ជួនទៅសង្រ្គោះឯមន្ទីរពេទ្យឈ្មោះ រី សុផានិត អាយុ ១៨ ឆ្នាំ និងមានទីលំនៅភូមិឃុំកើតហេតុជាបើកបរម៉ូតូម៉ាកហុងដាឌ្រឹម សេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1E-5296។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបុរសឈ្មោះ វ៉ែន អ៊ុក អាយុ ៣៦ ឆ្នាំមានទីលំនៅភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តព្រៃវែង និងជាអ្នកបើកបរម៉ូតូម៉ាកគុប គ្មានស្លាកលេខ។

ប្រភពព័ត៌មានបានបន្តថាៈ ករណីម៉ូតូ និងម៉ូតូបុកគ្នាបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ គឺមូលហេតុជនរងគ្រោះទាំងអ្នកស្លាប់ និងរបួស បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពទាំងសងខាង ហើយប្រើប្រាស់ល្បឿនលឿនរៀងខ្លួន៕/r