ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតគ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់​ចែងការបោះឆ្នោតដែលល្អឥតខ្ចោះនោះឡើយ។ ដោយ​ឡែក​​សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧នេះ អាចចាត់ទុកថា ជាការបោះឆ្នោត​ដ៏​ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោត​មុនៗ​នៅកម្ពុជា ដោយការបោះឆ្នោតនេះមានអត្រានៃការ​ចូលរួមបោះឆ្នោតខ្ពស់រហូតដល់៨៤,៥៩ភាគរយ ដែល​បានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មាន​សណ្តាបធ្នាប់របៀបរៀបរយល្អ។

ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ របស់ គ.ជ.បនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ នាឯ​សាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។ សម្ដេចក្រឡាហោម ស ខេង បានបន្តថា ចាប់តាំងពី​ការបោះ​ឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់នឹងការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើការបោះឆ្នោតតាម​គោលការណ៍​នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់បានយ៉ាង​ទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន១៨ ក្នុងការបោះឆ្នោតរួចមកហើយ។

សម្ដេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា គណបក្សនយោបាយបានចូលរួមបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាព ប្រកួតប្រជែងគ្នា ប្រកបដោយ​ភាពថ្លៃថ្នូរ ដែលនេះអាចបង្ហាញពីការយល់ដឹង អំពី​គុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ អំពីសិទ្ធិបោះឆ្នោត ជាហេតុធ្វើឱ្យអ្នកបោះឆ្នោតបានចូលរួមក្នុង ដំណើរការ​បោះឆ្នោត និងសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីសម្រេចជោគវាសនាអនាគត​ប្រទេសជាតិរបស់ខ្លួន។

សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប អាជ្ញាធរ កងកម្លាំងមាន​សមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពល​រដ្ឋទាំង​អស់ ដែលបានចូលរួមអនុវត្តប្រតិបត្តិយ៉ាងខ្ជាប់​ខ្ជួន​ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រម​សីលធម៌នានា សម្រាប់ការបោះឆ្នោតប្រកប​ដោយ​​​ស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុង​នាម​ជាប្រជា​ជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ក្នុងការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះទទួល​បាន​លទ្ធផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាព​បច្ចេកទេស ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្រោមបរិយា​កាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ៕srn/r