​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រយៈពេល​ហោះហើរ​អតិបរមា​របស់ដ្រូន​នេះ​គឺ ៦ ម៉ោង ដោយ​វា​ដំណើរការ​ដោយ​ប្រេងឥន្ធនៈ ជា​អ្វី​ដែល​អាច​ឱ្យ​ប្រតិបត្តិ​ករ​ធ្វើការ​សកម្មភាព​ឈ្លបយកការណ៍​យ៉ាង​យកចិត្តទុកដាក់​លើ​តំបន់​ជាក់លាក់​ណាមួយ​។​

​ក្រុមហ៊ុន​រុស្ស៊ី Svyaz-Spetszashchita (Communication-Special Defense) បាន​បង្កើ​តដ្រូន​ថ្មី​នេះ​ឡើង ដែល​អាច​ប្រើ​ជាមួយ​ទាំង​អាគុយ​និង​សាំង នេះ​បើ​តាម​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន លោក ឌី​មី​ទ្រី ហ្ស៊ូ​បារ៉េវ (Dmitry Zubarev) ប្រាប់​ទៅ​ទីភ្នាក់ងារ​សារព័ត៌មាន Sputnik កាលពី​ថ្ងៃ​អង្គារ​។​

​ដ្រូ​ន​ទ្វេ​បំណង​នេះ (​ដែល​មាន​ន័យ​ថា​វា​ត្រូវបាន​រចនា​ឡើង​សម្រាប់​គោលដៅ​ស៊ីវិល​ឬ​យោធា​) បច្ចុប្បន្ន​កំពុង​ដាក់​តាំង​បង្ហាញ​នៅ​វេទិកា​បច្ចេកទេស​យោធា Army-2023 នៅ​ទីប្រជុំជន​គូ​ប៊ីន​កា (Kubinka) នៅ​ខាងក្រៅ​ទីក្រុង​មូ​ស្គូ​។​

​លោក​ហ្ស៊ូ​បារ៉េវ​បាន​និយាយថា “​ដោយសារ​តែ​ដ្រូ​ន (UAV) នេះ​ដំណើរការ​ដោយ​ប្រេងសាំង ពេលវេលា​ហោះហើរ​អតិបរមា​របស់​វា​គឺ​រហូត​ដល់ ៦ ម៉ោង ដោយ​ធ្វើឱ្យ​វា​អាច​អនុវត្ត​ការងារ​ទាក់ទង​នឹង​ឈ្លប​ប្រកបដោយ​ប្រសិទ្ធភាព​”​។​

​លោក​បាន​សង្កត់ធ្ងន់ថា UAV មាន​សមត្ថភាព​ដឹកជញ្ជូន​ដ្រូ​នវាយ​ប្រហារ​តូចៗ​ចំនួន​ពីរ នៅក្នុង​អ្វីដែល​លោក​ហ្ស៊ូ​បារ៉េវ​ពណ៌នា​ថា​ជា “​លក្ខណៈ​ពិសេស​ដែល​ចង់​បាន​ខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ​”​។​

​លោក​ហ្ស៊ូ​បារ៉េវ​បាន​ពន្យល់ថា “​នៅ​ពេល​ប្រទះ​ឃើញ​វត្ថុ​គួរឱ្យ​ចាប់អារម្មណ៍ UAV បញ្ជូន​ដ្រូ​ន​តូច​មួយ​ទៅ​កាន់​តំបន់​ដែល​វត្ថុ​នោះ​ត្រូវ​បាន​តាមដាន រួច​ហើយ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​” ដោយ​បន្ថែម​ថា UAV ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​វត្ថុ​ផ្អែក​លើ​បណ្តាញ​ប្រសាទ​។​

​ដ្រូ​នវាយ​ប្រហារ​ផ្សេងៗ​ឥឡូវ​នេះ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​នៅក្នុង​តំបន់​ប្រតិបត្តិការ​យោធា​ពិសេស​ក្នុង​ប្រទេស​អ៊ុ​យក្រែន​៕

​ដ្រូ​ន​ថ្មី​របស់​រុស្ស៊ី​អាច​បើក​បាន ៦ ម៉ោង និង​បំពាក់​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​វត្ថុ​ផ្អែក​លើ​បណ្តាញ​ប្រសាទ