តា​ទួត​និយាយ​ទាំង​អួលដើមក ពេល​រំលឹក​គ្រា​ដែល​ចៅទួត​អាយុ ៥ ឆ្នាំ​តេ​ឱ្យ​មកជួយ ក្នុង​ហេតុការណ៍​អគ្គីភ័យ​នៅ​កាលីហ្វ័រ​ញ៉ា មុនពេល​ស្លាប់

784
ចែករម្លែក

​តា​ទួត​ដ៏​សោកសៅ​ម្នាក់​បាន​រំលឹក​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា​ថា ចៅទួត​របស់គាត់​បាន​អង្វរ​សុំឱ្យ​ជួយ មុនពេល​ស្លាប់​ជាមួយនឹង​មនុស្ស​២​នាក់​ផ្សេងទៀត​នៅក្នុង​អគ្គីភ័យ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ខណៈដែល​អ្នក​រស់រាន​ដ៏​ភ័យរន្ធត់​ផ្សេងទៀត​បាន​រៀបរាប់​ពី​ការ​រត់គេច​ទាំង​ព្រលឹងចុងសក់​ពី “​ព្យុះ​ភ្លើង​”​។​

​អគ្គីភ័យ​ដ៏​អាក្រក់​បំផុត​នៅក្នុង​រដ្ឋ​ភាគ​ខាងជើង​សហរដ្ឋអាមេរិក​នេះ បានសម្លាប់​មនុស្ស ៦ នាក់​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន រួមទាំង​ស្ត្រី​អាយុ ៧០ ឆ្នាំ​ម្នាក់ និង​ចៅទួត​២​នាក់​របស់គាត់ ដែលមាន​អាយុ ៤ និង ៥ ឆ្នាំ​។ ពួកគេ​បាន​ស្លាប់​នៅពេល​អណ្ដាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​របស់​ពួកគេ​នៅ​ទីក្រុង​រ៉េត​ឌី​ង (Redding)​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ដែលមាន​ឈ្មោះ​ដូចជា លោកស្រី មេ​ឡូ​ឌី ប្លេ​ត​សូ និង​ចៅទួត​២​នាក់​ឈ្មោះ អេ​មី​លី រ៉ូបឺត និង ជែ​ម រ៉ូបឺត (​ឈ្មោះ​ក្រៅ​ហៅថា ជូ​នៀ​)​។​

​ដោយ​រំលឹក​សម្តី​ចុងក្រោយ​របស់​ចៅទួត និង ភរិយា​របស់គាត់ ស្វាមី​របស់លោក​ស្រី​មេ​ឡូ​ឌី លោក អេ​ដ ប្លេ​ត​សូ បាន​ប្រាប់​ទូរទស្សន៍ CNN ថា “​ខ្ញុំ​បាន​និយាយ​ជាមួយ​ជូ​នៀ​តាម​ទូរស័ព្ទ​រហូតដល់​រូបគេ​ស្លាប់​”​។​

​លោក អេ​ដ ប្លេ​ត​សូ បាន​និយាយ​ទាំង​អួលដើមក យ៉ាង​ដូច្នេះ “​ចៅទួត​ខ្ញុំ​បាន​និយាយថា មកជួយ​យក​ចៅ​ចេញពី​អណ្តាតភ្លើង​ផង​លោកតា នៅ​ទ្វារ​ខាងក្រោយ​ផ្ទះ​។ មកឱ្យ​លឿន​ឡើង​លោកតា​”​។​

​អ្នក​ទាំង​៣​បាន​ប្រាប់​គាត់​ថា ពួកគេ​ស្រឡាញ់​គាត់​មុនពេល​លោក​អេ​ដ ប្លេ​ត​សូ​បាន​ធានា​ដល់​ចៅប្រុស​នោះ​ថា “​លោកតា​កំពុង​ចេញទៅ​ជួយ​ហើយ​”​។ ប៉ុន្តែ​គាត់​មិនអាច​ទៅដល់​ទាន់ពេល​ដើម្បី​ជួយសង្គ្រោះ​ពួកគេ​បានឡើយ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី មេ​ឡូ​ឌី ប្លេ​ត​សូ និង​ចៅទួត​២​នាក់​ឈ្មោះ អេ​មី​លី រ៉ូបឺត (​ឆ្វេង​) និង ជែ​ម រ៉ូបឺត (​ស្តាំ​) ស្លាប់​ក្នុង​អគ្គីភ័យ​នៅ​កាលីហ្វ័រ​ញ៉ា​កាលពី​ថ្ងៃ​សៅរ៍
លោក អេ​ដ ប្លេ​ត​សូ

ទីតាំងផ្សាយពាណិជ្ជកម្ម