ដោយ៖ដេប៉ូ/ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៣នេះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២៤ ប៉ុន្តែមិនទាន់សម្រេចលទ្ធផលថា យ៉ាងណានៅឡើយទេ

ពិធីនេះគេឃើញមានការចូលរួមពីសំណាក់ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ដោយមានការចូលរួមដោយភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក

តាមរបាយការណ៍បានឲ្យដឹងថា កិច្ចប្រជុំនេះ ប្រកាសជាផ្លូវការអំពីសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ គឺ មាន លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។

ក្រៅពីនោះកិច្ចប្រជុំបានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ហើយអ្នកចូលរួមក៏បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិតមិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា នៅក្នុង ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយ ប្រសិនបើបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕/PC