ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សមិទ្ធផលជាច្រើននៅឃុំប្រាសាទ ស្រុកព្រះនេត្រ ព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ក្រោមវត្តមាន ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលក៏ជាសប្បុរសជនចម្បង និងមន្ត្រីថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំងព្រះគ្រូចៅអធិការវត្ត ។
មន្ត្រីរដ្ឋបាលស្រុកព្រះនេត្រព្រះ និងមេឃុំប្រាសាទ បានប្រាប់សារព័ត៌មាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ថាៈ សមិទ្ធផលដែលដាក់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនោះ រួមមាន ១-ប្រាង្គ ២-ស្ពានឆ្លងអូរត្រង់មុខវត្ត ។ ៣-ផ្លូវក្រាលក្រួសក្រហម ឆ្ពោះទៅភូមិបត់ត្រង់ និងសមិទ្ធផលមួយចំនួនទៀត ដែលស្ថិតនៅក្នុងវត្តព្រហ្មសាគរ ហៅវត្តបទត្រង់ និងស្ថិតក្នុងភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សមិទ្ធផលទាំងនេះ គឺជាអំណោយរបស់លោក អោម ចន្ថា ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលលោកធ្វើជាចំណងដៃ ប្រគេនវត្តព្រហ្មសាគរ ហៅវត្តបត់ត្រង់ ដែលនៅទីជនបទ ចុងកាត់មាត់ញកមួយ នៃឃុំដែលជាប់ភូមិសាស្ត្រតំបន់ព្រៃលិចទឹករនាម បឹងទន្លេសាប មួយនេះ ។
លោក ស៊ុត ង៉ុយ អភិបាលរងស្រុកព្រះនេត្រព្រះ ក្នុងនាមលោក ឃូ ពៅ អភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីថាៈ ក្នុងឆ្នាំ២០២២ និងឆ្នំា២០២៣ ឬពីរឆ្នាំចុងក្រោយនេះ ស្រុកព្រះនេត្រព្រះ ទទួលបានការអភិវឌ្ឍន៍ គួរឱ្យកត់សម្គាល់បន្ថែមទៀត លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលំក្រាលដី ក្រាលក្រួស ផ្លូវបេតុង ផ្លូវកៅស៊ូ ប្រឡាយទឹក ។
ការប្រែប្រួល រីកចម្រើនប្រសើរឡើង ជាបន្តបន្ទាប់នេះ ដោយសារតែនេះ ក៏ជាផ្លែផ្កានៃ គោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានការចូលរួមសហការ ឧបត្ថម្ភគាំទ្រ គ្រប់តួអង្គពាក់ ព័ន្ធទាំងស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងសប្បុរសជន អង្គការសមាគមជាដៃគូអភិវឌ្ឍន៍ ។
ដោយឡែក នៅមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ គឺមានការឧបត្ថម្ភ គាំទ្រពីរលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី លោកអភិបាលខេត្ត លោកស្រីប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយមូលដ្ឋាន និងសប្បុរសជនទាំងឡាយ ។
លោក ស៊ុត ង៉ុយ បានបន្តថាៈ ចំពោះផ្លូវដែលរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ មួយចំនួនធំ ត្រូវបានលោក និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ បានជួសជុល ដើម្បីបង្ករភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកកសិផលរួចរាល់ ជាលំដាប់លំដោយ ៕ V / N