ដោយៈបាយ័ន / សៀមរាបៈ កូនឈើចម្រុះ ចំនួន ១.២០០ ដើម និងស្មៅចំនួន ៤០០ ម៉ែត្រការរ៉េ ត្រូវបានដំាដុះនៅលើផ្ទៃដី ចំនួនកន្លះហិកតា នាបរិវេណខាងមុខប្រាសាទ អង្គរវត្ត ក្បែរស្រះត្រពាំងសេស។
ពិធីដាំកូនឈើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ ដោយមានមន្ត្រី បុគ្គលិក នាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរា ប្រមាណ ៥០០ នាក់ បានរួមគ្នាដាំ កូនឈើចម្រុះចំនួន ១.២០០ ដើម និងស្មៅចំនួន ៤០០ ម៉ែត្រការរ៉េ នៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត ក្បែរស្រះទឹកត្រពាំងសេស។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ ក្នុងឱកាសនោះថា ក្រោយការបង្កើតឱ្យមាន នាយកដ្ឋានគ្រប់គ្រងទឹកនិងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះ បានរៀបចំផែនការធ្វើយ៉ាងណា ឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើ កាន់តែច្រើន។ ដោយក្នុងរយៈពេល ១៩ ឆ្នាំ កន្លងមកនេះ ដើមឈើសរុប ប្រមាណ ២ លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូល ការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។
លោកបានបញ្ជាក់ទៀតថាៈ នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ក្រោយការសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញ នៅក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផល ប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាស ដើម្បីបង្កើនការថែទាំ និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះ ចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង ៤៧,០០០ ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ។
លោកបានគូសបញ្ជាក់បន្ថែម អំពីអត្ថប្រយោជន៍ជាច្រើនរបស់ដើមឈើ ជាពិសេស សម្រាប់ប្រាសាទបុរាណ ក្នុងនោះធាតុបី ដែលមិនអាចចែកដាច់ពីគ្នាបាន រួមមាន៖ ទឹក ព្រៃឈើ និងប្រាសាទ។ ដូចយើងដឹងហើយថា ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ ទំនងនឹងទឹកក្រោមដី ដូច្នេះបើសិនជាយើងដាំដើមឈើ ដើមឈើទាំងនោះនឹងជួយកាត់ បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។ ក្នុងនោះដើមឈើ ដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុនាំឱ្យថ្ម មិនងាយនិងប្រះ ឬរលំ ឬភាពសិករិករឹលនៃប្រាសាទ។ មួយវិញទៀត ព្រៃឈើ នឹងជួយ កាត់បន្ថយល្បឿនខ្យល់ ដែលអាចមានផលប៉ះពាល់ទៅដល់ ប្រាសាទបុរាណផងដែរ។
អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ពីមួយថ្ងៃទៅមួយថ្ងៃ តំបន់អង្គរ នឹងកាន់តែមានភាព ស្រស់បំព្រង ពោពេញទៅដោយព្រៃឈើ មានលក្ខណៈលម្អដល់ប្រាសាទ និងបន្ថែម គុណភាពនៃជីវិត សម្រាប់ភ្ញៀវទេសចរដែលចូលមកទស្សនា តំបន់រមណីយដ្ឋានអង្គរ៕ V / N