​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី ចូ បៃ​ដិន នឹង​ធ្វើ​ដំណើរ​ទៅកាន់​កោះ​ហា​វ៉ៃ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ជួប​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​ភ្លើង​ឆេះ​ព្រៃ​ដ៏​រន្ធត់ ហើយ​អ្នក​ឆ្លើយតប​ដំបូង​នៅ​តែ​កំពុង​តាម​ស្វែងរក​សាកសព​។​

​អគ្គិភ័យ​កាលពី​សប្តាហ៍​មុន​បាន​ពង្រាប​ទីប្រជុំជន​ប្រវត្តិសាស្ត្រ​ឡា​ហៃ​ណា (Lahaina) នៅលើ​កោះ​ម៉ោ​អ៊ី (Maui) និង​ជា​ការស្លាប់​ច្រើន​បំផុត​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ក្នុង​រយៈពេល​ជាង​មួយ​សតវត្សរ៍​។ ចំនួន​អ្នក​ស្លាប់ ១០៦ នាក់​ត្រូវ​គេ​រំពឹងថា​នឹង​បន្ត​កើនឡើង​ទៀត​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​រហូតមកទល់​ពេលនេះ មាន​តែ​ជនរងគ្រោះ​ចំនួន​៥ នាក់​ប៉ុណ្ណោះ​ត្រូវបាន​កំណត់​អត្តសញ្ញាណ ដែល​ក្នុងនោះ​២​នាក់​ត្រូវបាន​មន្ត្រី​តំបន់​ម៉ោ​អ៊ី​ខោ​ន​ធី (Maui County) កំណត់​ឈ្មោះ​បាន គឺ រ៉ូបឺត ឌី​កមែ​ន (Robert Dyckman) អាយុ ៧៤ ឆ្នាំ និង បាត់​ឌី ចាន់​តុ​ក (Buddy Jantoc) អាយុ ៧៩ ឆ្នាំ ទាំង​ពីរ​នាក់​គឺ​មក​ពី​ឡា​ហៃ​ណា​ដូចគ្នា​។​

​គ្រួសារ​របស់​លោក​ចាន់​តុ​ក​បាន​ពណ៌នា​គាត់​ថា​ជា​តន្ត្រីករ ដែល​ធ្លាប់​បាន​ធ្វើដំណើរ​ជាមួយ​តារាចម្រៀង កា​ឡូ​ស សាន់​តា​ណា (Carlos Santana)​។​

​យោង​តាម​កាសែត The New York Times កូនប្រសា​ស្រី​របស់​គាត់ ឈ្មោះ សារី ចាន់​តុ​ក (Shari Jantoc) បាន​និយាយថា “​ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​សម្រាន្ត​លក់​។ ខ្ញុំ​សង្ឃឹម​ចំពោះ​ព្រះ​ថា​គាត់​នឹង​មិន​រង​ទុក្ខ​”​។​

​ក្រុម​អ្នកជំនាញ​ផ្នែក​កោសល្យវិច្ច័យ ដែល​ខ្លះ​ធ្លាប់​ធ្វើការ​បន្ទាប់ពី​ការវាយប្រហារ ៩/១១ បាន​ហោះ​ទៅកាន់​ទីប្រជុំជន​ម៉ោ​អ៊ី ខណៈ​កិច្ចខិតខំ​ប្រឹងប្រែង​ត្រូវបាន​បង្កើន​ដើម្បី​កំណត់​អត្តសញ្ញាណ​សាកសព ដែល​ខ្លះ​ឆេះ​ខ្លោច​មើល​លែង​ស្គាល់​៕

ទីប្រជុំជន​ឡា​ហៃ​ណា​ឆេះ​ក្លាយជា​ផេះ