ដោយៈបាយ័ន / សៀមរាបៈ ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានកត់សម្គាល់ឃើញថា មានទីតាំងមួយចំនួន នៅជុំវិញខឿនរួតទី៣ របស់ប្រាសាទបាយ័ន ឃើញមានល្បាយដីខ្សាច់ ហូរច្រោះចេញតាមចន្លោះជញ្ជាំងក្រោយពេលមានភ្លៀង ដែលវាអាចនឹងបង្កជាហានិភ័យដល់ប្រាសាទបុរាណមួយនេះបាន។
ប្រភពពីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៧ ខែសីហានេះថាៈ ក្រុមស្ថាបត្យករ និងវិស្វករ កំពុងតែធ្វើការសិក្សា និងស្វែងរកវិធីសាស្រ្ត ដើម្បីទប់ស្កាត់ការហូរច្រោះ នៃល្បាយដីខ្សាច់ ព្រមទាំងធ្វើការពង្រឹងរចនាសម្ព័ន្ធខឿនដែលមានហានិភ័យនោះឡើងវិញ។
ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ របស់ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន បានមានប្រសាសន៍ថាៈ កាលពីចុងឆ្នាំ២០២១ ក្រុមការងារ ធ្លាប់បានសម្អាតកំណកដី នៅតាមប្រព័ន្ធបង្ហូរទឹកជុំវិញរួតទី៣ ប្រាសាទបាយ័នម្តងរួចហើយ ប៉ុន្តែមួយឆ្នាំក្រោយមក យើងនៅឃើញមានល្បាយដីខ្សាច់ នៅតែបន្តហូរច្រោះចេញមកតាមជញ្ជាំងខឿនរួតទី៣ នៃប្រាសាទបាយ័នដដែល ដែលវាជាមូលហេតុចម្បងនាំឱ្យមានការពង្រឹងខឿនជ្រុងនិរតីនៃរួតទី៣ នេះឡើងវិញ។
កញ្ញា ម៉េង សុវណ្ណលីលីន បានបន្តទៀតថាៈ ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បានសិក្សាស្រាវជ្រាវ ដើម្បីរកឱ្យឃើញថាមូលហេតុអ្វីដែលបណ្ដាលឱ្យដីខ្សាច់ហូរច្រោះបែបនេះ?។ ក្នុងនោះមានមូលហេតុសំខាន់ៗមួយចំនួនដូចជា ទី១.បញ្ហាឫសឈើកាលពីអតីតកាលបានដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធ ធ្វើឱ្យថ្មមួយចំនួន រំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទី២.បញ្ហាទឹកហូរច្រោះចូលទៅតាមប្រហោងថ្ម ដែលអាចនាំល្បាយដីខ្សាច់ ចេញមកក្រៅបាន។ ទី៣.បាយអស៊ីម៉ងត៍ដែលបានបំពេញនៅតាមចន្លោះថ្មកម្រាល ដោយអ្នកអភិរក្សជនជាតិបារាំង ដល់បច្ចុប្បន្ន អស់គុណភាពដែលធ្វើឱ្យបរិមាណទឹកភ្លៀង ហូរចូលទៅខាងក្នុងខឿនច្រើនលើសកម្រិត និងទី៤.ដីគ្រឹះខាងក្នុងជាប្រភេទដីខ្សាច់សុទ្ធ និងមានគ្រាប់រាងធំ កាលណាខ្សាច់ មានគ្រាប់ធំ ពុំមានគ្រាប់ទំហំតូច គឺវាមិនសូវមានភាពស្អិតល្អទេ ពេលមានភ្លៀងម្តងៗ ទឹកងាយនឹងហូរនាំល្បាយដីខ្សាច់ចេញទៅតាមប្រហោងថ្ម។ កិច្ចការនេះ បានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០២២មក ដោយធ្វើការរើថ្មដែលក្រៀកចេញរួចរៀបចូលទីតាំងវិញ និងការយកសំណាកដី ផ្នែកខាងក្នុងខឿន ទៅធ្វើការវិភាគ ដើម្បីឱ្យដឹងថា តើស្រទាប់ដីជម្រៅណា មានសភាពខ្សោយ ដែលត្រូវពង្រឹងឡើងវិញ?។
ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញ បានរើថ្មបង្កាន់ដៃនាគ ថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម ដោយរើ និងរៀបថ្មភក់ ថ្មបាយក្រៀម ដែលមួយផ្នែកឡើងវិញ រួចបិទបាយអ នៅតាមចន្លោះថ្មដើម្បីការពារដីខាងក្នុង កុំឱ្យហូរចេញទៀត។ មកដល់បច្ចុប្បន្ន ជាផែនការបន្តក្រុមអ្នកជំនាញ កំពុងត្រៀមធ្វើការបុកបង្ហាប់ដី ខាងក្នុងឡើងវិញ រួចរៀបថ្មដែលបានរើចូលទីតាំង ទៅតាមរចនាសម្ព័ន្ធវិញ និងការងារបិទបាយអ នៅតាមចន្លោះថ្មកម្រាល ដើម្បីកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះ៕/V-PC