ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍,ស្ពុតនិច)៖ នៅតំបន់ឧទ្យានអ្នកស្នេហាជាតិ(Patriot Park)នៅជាយក្រុងមូស្គូ កន្លែងតាំងពិព័រណ៍យោធារុស្ស៊ីមួយ នាយទាហានម្នាក់ពាក់មួកកន្តឹបបៃតងបានឈរនៅមុខរថពាសដែកអាម៉េរិកMaxxProដែលកងកម្លាំងរុស្ស៊ីរឹបអូសបានមកពីសមរភូមិ។
នាយទាហានរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីតាស(TASS)ថា« វាត្រូវបានគេបោះបង់ចោលនៅសមរភូមិដោយសារឈប់ដំណើរការ»។ទាហានរូបនេះបានងាកទៅរករថយន្តយោធាអង់គ្លេសហាស្គី(Husky)ដែលកញ្ចក់មុខវាធ្លុះធ្លាយទំនងជាត្រូវគ្រាប់។
នៅជុំវិញនោះ គ្រឿងបរិក្ខាយោធាលោកខាងលិចជាច្រើនក៏ត្រូវបានដាក់តាំងបង្ហាញ ដើម្បីអោយយោធារុស្ស៊ីបង្ហាញស្នាដៃរបស់ខ្លួននិងចំអកអោយការវាយបករបស់កងកម្លាំងអ៊ុយក្រែនដែលបានចាប់ផ្តើមតាំងពីខែកក្កដា។
នៅប៉ុន្មានម៉ែត្រពីនោះ នាយទាហានរុស្ស៊ីម្នាក់ទៀតបង្ហាញរថពាសដែកបារាំងAMX-10 RCជាមួយនឹងកាំភ្លើងប្រឆាំងរថក្រោះដ៏វែងរបស់វា។
ជ័យភណ្ឌដែលអ្នកកាសែតបានឃើញកាលពីថ្ងៃអង្គារ ក៏រួមមានរថពាសដែកអូស្ត្រាលី Bushmaster រថពាសដែកអាម៉េរិក M113និងរថយន្តប្រយុទ្ធស៊ុយអែតCV90។
វត្តមានក្នុងការតាំងពិព័រណ៍យោធារុស្ស៊ីនិងជ័យភណ្ឌសង្គ្រាម មានអតីតប្រធានាធិបតីរុស្ស៊ី លោកម៉េតវ៉េដេវ និងរដ្ឋមន្ត្រីការពារជាតិ សឺហ្គេ សយហ្គូ។
លោកសយហ្គូ បានអះអាងថា «ប្រភពធនធានយោធាអ៊ុយក្រែនជិតអស់ ហើយគ្មានសព្វាវុធលោកខាងលិចណាពិសេសអាចគេចផុតពីអាវុធរបស់រុស្ស៊ីទេនៅលើសមរភូមិ។យើងត្រៀមចែករំលែកការវាយតំលៃអំពីកំសោយនៃបច្ចេកវិទ្យាលោកខាងលិច»។
លោករដ្ឋមន្ត្រីបាននិយាយថា រុស្ស៊ីសំរេចបានការបង្កើនផលិតកម្មគ្រឿងសព្វាវុធ រួមមានរថពាសដែលរថក្រោះទោះជារងទណ្ឌកម្មអន្តរជាតិក្តី៕
រថយន្តហោះយោធាMRAP Mastiffផ្តល់ដោយអាម៉េរិក
រថយន្តយោធាអង់គ្លេសហាស្គី(Husky)ដែលកញ្ចក់មុខវាធ្លុះធ្លាយទំនងជាត្រូវគ្រាប់
រថពាសដែកបារាំងAMX-10RCR
កាំភ្លើងធំM777និងកាំភ្លើងវែងXM-15 ដែលអាម៉េរិកផ្តល់អោយកងកម្លាំងអ៊ុយក្រែន
រថពាសដែកCV90របស់ស៊ុយអែតផ្តល់អោយអ៊ុយក្រែនបែរជាធ្លាក់ក្នុងដៃរុស្ស៊ី
ដ្រូនBayraktar TB2 របស់តួកគី
កាំជ្រួចTochka-U របស់អ៊ុយក្រែន
រថពាសដែកM-113 របស់អាម៉េរិក
កាំជ្រួចបារាំងគ្លេសក៏ធ្លាក់ក្នុងដៃរុស្ស៊ីដែរ