ទិវា​ជាតិ នៃការបង្កើត​សម្ព័ន្ធ ស្វី​ស​

2684
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ស្វី​ស ប្រារព្ធ​ទិវា​ជាតិ នៃ​ការបង្កើត​សម្ព័ន្ធ​ស្វី​ស របស់ខ្លួន នៅ​ថ្ងៃទី​១ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​រួបរួមគ្នា​ដំបូង នៃ​ដែនដី​ចំនួន​បី ចងសម្ព័ន្ធភាព​គ្នា​រហូត វិវត្តន៍​បង្កើតបានជា​ប្រទេស​ស្វី​ស សព្វថ្ងៃនេះ ។

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​៖
​សម្ព័ន្ធ​សាធារណរដ្ឋ​ស្វី​ស កើត​ពី​ការរួបរួម​សម្បាច់​គ្នា នៃ​ដែនដី​ចំនួន​២៦ មាន​ផ្ទៃដី​សរុប ៤១.២៨៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​កណ្តាល ព្រំដែន​ខាងត្បូង​ជាប់​នឹង​ប្រទេស អ៊ីតាលី ខាងជើង​ជាប់ អាល្លឺម៉ង់ ខាងលិច​ជាប់​បារាំង ខាងកើត​ជាប់ លិច​ថេ​ន​ស្តេ​ន និង អូទ្រីស ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៨ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់ គ្រិស្ត សាសនា​កាតូលិក ភាសាផ្លូវការ មាន ៤ គឺ ភាសា អាល្លឺម៉ង់ បារាំង អ៊ីតាលី និង ភាសា រ៉ូ​ម៉ាំង រដ្ឋធានី គឺ​ទីក្រុង ប៊ែ​ន ។​

​ប្រវត្តិសាស្ត្រ​៖
​ដោយ​ខ្លា​ចការ​លុកលុយ​របស់​អាណាចក្រ​អាល្លឺម៉ង់​ដ៏​មានអំណាច នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​១២៩១ ដែនដី​នៃ​អាណាចក្រ​រ៉ូ​ម៉ាំង​ចំនួន ៣ គឺ​តំបន់ Uri តំបន់ Schwyz និង Unterwalden បាន​ចង សម្ព័ន្ធភាព​គ្នា ហើយ​ថា នឹង​ការពារ​គ្នា​ទៅវិញទៅមក ពី​ការ​បៀតបៀន​ណាមួយ ហើយ​ឱ្យឈ្មោះ សម្ព័ន្ធ​នេះ​ថា “​សហព័ន្ធ​ស្វី​ស​ចាស់​”​។ ខែវិច្ឆិកា ឆ្នាំ​១៣១៥ កងទ័ព​របស់ សហព័ន្ធ ស្វី​ស​ចាស់ បាន​វាយប្រហារ​ទៅលើ​កងទ័ព​អូទ្រីស នៅ​តំបន់ Morgarten ដណ្តើម​យកបាន​តំបន់​នោះបាន ពង្រីក​នូវ​តំបន់​ស្វ័យភាព​ពី អាល្លឺម៉ង់ ។

​ឆ្នាំ​១៣៥៣ សម្ព័ន្ធភាព នៃ​តំបន់ Uri តំបន់ Schwyz និង Unterwalden ត្រូវបាន​ចូលរួម​បន្ថែម ទៀត ដោយ​តំបន់ Glarus តំបន់ Zug តំបន់ Lucerne តំបន់ Zürich និង តំបន់ Bern បង្កើតបានជា សហព័ន្ធ​ស្វី​ស​ចាស់ ដែលមាន​រដ្ឋ​ជា​សមាជិក​ចំនួន ៨ ។

​អ្នកគ្រប់គ្រង តំបន់ Toggenburg បាន​ស្លាប់​នៅ​ឆ្នាំ​១៤៣៦ ។ អ្នកដឹកនាំ​នៅ​តំបន់ Zürich បាន​ដណ្តើមយក​តំបន់ Toggenburg មក​ធ្វើជា​របស់ខ្លួន ប៉ុន្តែ​ត្រូវបាន​សមាជិក ៧ ផ្សេងទៀត នៃ​សហព័ន្ធ​ចាស់ បដិសេធ បង្កើតបានជា​ទំនាស់​យ៉ាងខ្លាំង​ក្លា ប៉ុន្តែ Zürich នៅតែ​បន្ត​ត្រួតត្រា តំបន់ Toggenburg ដោយ​មិន​អើពើ​នឹង​ការជំទាស់​របស់​សមាជិក​ដទៃ ។ ទីបំផុត Zürich ត្រូវបាន​បណ្តេញ​ចេញពី សហព័ន្ធ​ស្វី​ស​ចាស់ នៅ​ឆ្នាំ​១៤៤០ ហើយ​បានប្រកាស​សង្គ្រាម រវាង​សមាជិក​ទាំង ៧ ប្រឆាំង Zurich ចំណែក Zurich បាន​ទៅជា​សម្ព័ន្ធភាព ជាមួយ អាណាចក្រ អាល្លឺម៉ង់ វិញ ។

​កងទ័ព​សម្ព័ន្ធមិត្ត នៃ​សហព័ន្ធ​ស្វី​ស​ចាស់ បាន​យកជ័យ​ជម្នះ និង​លុកលុយ​ទីក្រុង មួយចំនួន​របស់ Zurich ប៉ុន្តែ​ទីបំផុត ភាគី​ទាំងសងខាង​បាន​ខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​យ៉ាងច្រើន ក៏​ខ្សោះ​អស់​ទឹកចិត្ត​ធ្វើសង្គ្រាម ទើប​ពួកគេ​បញ្ចប់សង្គ្រាម​នៅ​ឆ្នាំ​១៤៤៦ ។ លុះដល់​ឆ្នាំ ១៤៥០ Zurich ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជា​សមាជិក សហព័ន្ធ​ចាស់​វិញ ។​

​នៅ​ឆ្នាំ​១៤៩៩ កងទ័ព​ស្វី​ស បាន​ប្រយុទ្ធ​ដណ្តើមយក​ទឹកដី​មួយចំនួនទៀត ពង្រីក​បានជា​តំបន់ ស្វ័យភាព នៅក្នុង​តំន់​អាណាចក្រ រ៉ូ​ម៉ាំង ហើយ​សមាជិក​បាន​កើនឡើង​ដល់​ទៅ​១៣ ។ នៅ​ឆ្នាំ ១៥០៦ សម្តេច ប៉ាប ជូ​លី​យើ​ស ទី ២ បាន​ចងសម្ព័ន្ធភាព​ជាមួយ​ក​ង​អង្គរក្ស​ស្វី​ស នៅឯ​បរទេស (​កងទ័ព​ស៊ីឈ្នួល​បំពេញការងារ​ជា​កង​អង្គរក្ស​នៅឯ​បរទេស​) ។​

សង្គ្រាម​កាតូលិក​-​ប្រូ​តិ​ស្តង់​-​ឯករាជ្យ​លើក​ទី​១៖
​នៅ​ឆ្នាំ ១៥១៨ Zürich បាន​ក្លាយជា​រដ្ឋ​កាន់សាសនា​គ្រិស្ត និកាយ ប្រូ​តិ​ស្តង់ ហើយ រដ្ឋ Berne, Basel និង Schaffhausen ក៏​ទទួលយក និកាយ​ប្រូ​តិ​ស្តង់​ដែរ ខណៈ​រដ្ឋ Lucerne, Uri, Schwyz, Nidwalden, Zug, Fribourg និង Solothurn នៅតែ​ជា​រដ្ឋ​កាន់​និកាយ កាតូលិក ។ ចំណែក​រដ្ឋ Glarus និង Appenzell ដែល​នៅតែ​រក្សា​និកាយ​កាតូលិក បាន​ដកខ្លួន​ចេញពី​សហព័ន្ធ គឺ​ដោយសារតែ​ការប្រកាន់​សាសនា​គ្រិស្ត​ដូចគ្នា គ្រាន់តែ​ខុស​និកាយ​គ្នា​នេះ ។​

​ទំនាស់​សាសនា​គ្រិស្ត​ដូចគ្នានេះ នៅ​ឆ្នាំ ១៥២៩ បាន​ប្រែក្លាយជា​សង្គ្រាម​យ៉ាង​សន្ធោរ​សន្ធៅ រវាង​រដ្ឋ​កាតូលិក និង​រដ្ឋ​ប្រូ​តិ​ស្តង់ ដែលជា​អតីត​សមាជិក នៃ​សហព័ន្ធ​ស្វី​ស​ចាស់ ជាមួយគ្នា ។ សង្គ្រាម​នេះ បាន​ផ្ទុះឡើង​ម្តងទៀត នៅ​ឆ្នាំ​១៥៣១ ។​

​សង្គ្រាម​ទំនាស់​សាស​គ្រិស្ត រវាង​រដ្ឋ​ប្រូ​តិ​ស្តង់ និង​រដ្ឋ​កាតូលិក នៅ​អឺរ៉ុប​កណ្តាល នេះ ក៏​ចេះតែ រីក​រាលដាល​ធំ​ទៅៗ រហូត​អូសទាញ​អាណាចក្រ​មហាអំណាច​នៅ​អឺរ៉ុប ចូលមក​ពាក់ព័ន្ធ យ៉ាង​ស្មុគស្មាញ​ពាសពេញ​អឺរ៉ុប ដែល​ត្រូវបាន​គេ​ហៅថា សង្គ្រាម ៣០ ឆ្នាំ (១៦១៨-១៦៤៨ ) គឺជា​សង្គ្រាម​ដ៏​វិនាសកម្ម​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប ។​

​ទីបំផុត សន្ធិសញ្ញា​សន្តិភាព​មួយចំនួន ដែល​គេ​ហៅ​ជា​សរុប​ថា សន្ធិសញ្ញា​សន្តិភាព Westphalia ត្រូវបាន​ចុះហត្ថលេខា ជា​បន្តបន្ទាប់ នៅ​ទីក្រុង Osnabruk ទីក្រុង Munster ប្រទេស​អាល្លឺម៉ង់ ចាប់ពី​អំឡុង​ខែឧសភា និង​ខែតុលា ឆ្នាំ​១៦៤៨ ។

​សន្ធិសញ្ញា​សន្តិភាព​នេះឯង​ហើយ ដែល​បានបញ្ចប់​នូវ​សង្គ្រាម ៣០ ឆ្នាំ នៅក្នុង​ដែនដី​អាណាចក្រ រ៉ុ​ម៉ាំង ឬ អឺរ៉ុប​កណ្តាល ឬ​ពួក​រដ្ឋ​ជា​សមាជិក សហព័ន្ធ​ស្វី​ស​ចាស់ ហើយ​តាមរយៈ​សន្ធិសញ្ញា សន្តិភាព នេះដែរ ស្វី​ស ទទួលបាន​ឯករាជ្យភាព ពី​អាណាចក្រ រ៉ូ​ម៉ាំង ផង និង​បានបញ្ចប់​សង្គ្រាម ៨០ ឆ្នាំ (១៥៦៨-១៦៤៨) រវាង អេ​ស្ប៉ា​ញ និង សាធារណរដ្ឋ ហុ​ល្លង់ ដោយ​ជា​ផ្លូវការ អេ​ស្ប៉ា​ញ ទទួលស្គាល់ ឯករាជភាព របស់​សាធារណរដ្ឋ ហុ​ល្លង់ ផងដែរ​។​

ឯករាជ្យ​ពេញលេញ​៖
​នៅក្នុង​អំឡុង​សង្គ្រាម បដិវត្តន៍ ខែកក្កដា របស់​បារាំង ( ១៧៨៩-១៧៩៩ ) ដែល​បាន​ពង្រីក​ចូល ទៅក្នុង​អឺរ៉ុប ជា​បន្តបន្ទាប់​នោះ កងទ័ព បារាំង បាន​ចូល​កាន់កាប់​ទឹកដី​ស្វី​ស ហើយ​នៅ​ឆ្នាំ ១៧៩៨ (​ដល់​ឆ្នាំ ១៨០៣ ) បារាំង បានដាក់​ស្វី​ស បញ្ចូល ទៅជា​សម្ព័ន្ធភាព​មួយ​ដែលមាន​ឈ្មោះថា សាធារណរដ្ឋ Helvetic ។

​ក្រុម​តស៊ូ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត នៅក្នុង​ពិភព​កាតូលិក នៅ​ស្វី​ស កណ្តាល បាន​ផ្ទុះឡើង ជាមួយនឹង​ការបះបោរ​ប្រដាប់អាវុធ​ប្រឆាំង​បារាំង​នៅ​ឆ្នាំ​១៧៩៨ ប៉ុន្តែ​ត្រូវបាន​បារាំង​បង្ក្រាប​ទៅវិញ ដោយសារ​ពេលនោះ ស្វី​ស មិនទាន់​រឹងមាំ ដ្បិតអ្វីៗ​ជាច្រើន ស្ថិតនៅក្នុង​កណ្តាប់ដៃ​មេដឹកនាំ សាសនា​ទាំងអស់ ។ ណាប៉ូឡេអុង បាន​បើក​យុទ្ធនាការ​យោធា​ជាច្រើន​នៅក្នុង​ប្រទេស​ស្វី​ស ហើយ​បាន​បំផ្លិចបំផ្លាញ​ប្រទេស​ស្វី​ស យ៉ាង​ខ្ទេចខ្ទាំ​។ ភ្លើងសង្គ្រាម​បដិវត្តន៍​បារាំង និង​សង្គ្រាម ណាប់​ប៉ូ​ឡេ​អុង បាន​ឆាបឆេះ​ពាសពេញ​ទ្វីបអឺរ៉ុប ហើយ​មហាអំណាច​នានា​ភ័យ​បារម្ភ​អំពី អតុល្យភាព នៃ អំណាច ។​

​ទីបំផុត ពួកគេ​បាន​ព្រមព្រៀងគ្នា ជួបពិភាក្សា​នៅក្នុង​សន្និសីទ​មួយ នាទី​ក្រុង​វៀ​ណា ប្រទេស​អូទ្រីស ចាប់ពី​ខែកញ្ញា ដល់​ខែមិថុនា ឆ្នាំ​១៨១៥ ដោយ​ឱ្យ​ឈ្មោះថា សន្និសីទ ទីក្រុង វៀ​ណា ចូលរួម​ដោយ​អគ្គរដ្ឋទូត នៃ​បណ្តា​រដ្ឋ​នៅ​អឺរ៉ុប ដើម្បី​ស្វែងរក​សន្តិភាព យូរអង្វែង សម្រាប់​អឺរ៉ុប ដោយ​ការលើកឡើង​នូវ​បញ្ហាសំខាន់ៗ ដែល​កើតចេញពី​សង្គ្រាម​បដិវត្តន៍​បារាំង និង​សង្គ្រាម​ណាប់​ប៉ូ​ឡេ​អុង និង​ការរៀបចំ​បែងចែក​ដែនដី​មួយចំនួន ដើម្បី​ឱ្យមាន​តុល្យភាព អំណាច​គ្នា ទើប​ពួកគេ​អាច​នៅ​រក្សា​សន្តិភាព​បាន ។​

​សន្និសីទ ក្រុង​វៀ​ណា ប្រទេស​អូទ្រីស ឆ្នាំ​១៨១៥ នេះ ឯករាជ្យភាព របស់​ស្វី​ស ត្រូវបាន​បង្កើត ឡើងវិញ ក្នុង​សភាព​យ៉ាង​ពេញលេញ ហើយ​មហាអំណាច អឺរ៉ុប បាន​ព្រមព្រៀងគ្នា​ទទួល ស្គាល់​នូវ​អ​ព្យា​ក្រឹត្យ​ភាព​អចិន្ត្រៃយ៍​។ នៅពេលនេះ តំបន់ Valais តំបន់ Neuchatel និង តំបន់ Geneva ក៏បាន​ចូល​រួបរួម​ជាមួយ ស្វី​ស ក្នុងនាម​ជា​ដែនដី​ថ្មី​ផងដែរ ក៏បាន​ពង្រីក​ព្រំដែន​ទឹកដី ស្វី​ស ឱ្យមាន​វិសាលភាព​ដល់​កម្រិត​បច្ចុប្បន្ន​នេះ ។​

​នៅ​ចុង​សត្ត​វត្សរ៍​ទី​១៩ ថ្ងៃទី​១ ខែសីហា ត្រូវបាន​ជ្រើសរើស​ធ្វើជា​ទិវា​វិស្សមកាល​ជាតិ ដើម្បី​រំឭក ដល់ក​ថ្ងៃ​រួបរួមគ្នា​ដំបូង នៃ​ដែនដី​ចំនួន​បី​គឺ​ដែនដី Uri ដែនដី Schwyz និង​ដែន Unterwalden បាន​ចងសម្ព័ន្ធភាព​គ្នា​ដែល​វិវដ្ដ​បង្កើតបានជា ស្វ៊ី​ស សព្វថ្ងៃនេះ ៕ ប្រែ​សម្រួល​: មេសា​

ទីក្រុង ប៊ែ​ន នៃ ប្រទេស ស្វ៊ី​ស (swiss 2)
​រូបថត​អនុ​រស្សាវ​រី​យ៍ នៅក្នុង​សន្និសីទ​ទីក្រុង វៀ​ណា ដែល​ស្វ៊ី​ស​ទទួលបាន​ឯកា​រាជ​ភាព​ពេញលេញ (swiss 1)

ទីតាំងផ្សាយពាណិជ្ជកម្ម