ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងស្តីពី ការដេញថ្លៃដាយត្រី ដាយត្រីលេញ និងដាយបង្កង សម្រាប់ឱ្យធ្វើអាជីវ កម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ដែលមាននៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល ជាលើកទី២ បន្ទាប់ពីគ្មានអ្នកដាក់ពាក្យដេញថ្លៃ នៅលើកទី១ រួចមក។

ក្នុងសេចក្តីជូនដំណឹង ដែលយោងតាមកំណត់ហេតុប្រជុំ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ស្តីពីការដេញថ្លៃដាយត្រី នៅរាជធានីភ្នំពេញ និងកំណត់ហេតុប្រជុំ ថ្ងៃទី៩ ខែសីហា របស់គណៈកម្មការប្រជុំពិភាក្សាឈ្នួលដាយត្រី នៅខេត្តកណ្តាល ដែលចុះហត្ថលេខា ដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានសរសេរថាៈ រដ្ឋបាលជលផល នឹងរៀបចំ ដេញថ្លៃដាយត្រី ជាលើកទី២ សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ នៅព្រឹកថ្ងៃទី៣០ ខែសីហា នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានដាយត្រី និងថ្លៃព្យួរ (ថ្លៃមូលដ្ឋាន) សម្រាប់ដាក់ឱ្យដេញថ្លៃ ត្រូវបានកំណត់នៅក្នុងតារាង។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមដេញថ្លៃ ដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយត្រូវភ្ជាប់ពាក្យសុំដេញថ្លៃ ធ្វើអាជីវកម្មដាយត្រី យ៉ាងយឺតបំផុត ឱ្យបានពីរថ្ងៃ មុនកាលបរិច្ឆេទដេញថ្លៃ នៅរដ្ឋបាល ខណ្ឌជលផលភ្នំពេញ និងខណ្ឌរដ្ឋបាលជលផលកណ្តាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថាៈ ការដេញថ្លៃលើកទី១ គ្មានអ្នកដេញថ្លៃទេ ហើយលើក ទី២នេះ ក៏មិនទាន់ឃើញមានអ្នកនេសាទ មកដាក់ពាក្យដែរ។ នៅពេលគ្មាន អ្នកដេញលើកនេះទៀត គន្លងដាយត្រី ដែលបានដាក់ឱ្យដេញថ្លៃនោះ អាចនឹងត្រូវ សម្រេចដាក់ ឱ្យជួលតាមតម្លៃព្រមព្រៀង ដូចដែលធ្លាប់បានធ្វើកាលពីឆ្នាំមុនៗ។ មូលហេតុដែលពុំមានអ្នកដេញថ្លៃ ដោយសារស្ថានភាពទឹកបឹង ទន្លេ ឡើងយឺត និងមានកម្ពស់ទាបពេក។

ដាយត្រីដែលត្រូវដាក់ឱ្យដេញថ្លៃ នៅខេត្តកណ្តាល ដាយត្រី ដែលត្រូវ ប្រកាសដាក់ឱ្យ ដេញថ្លៃ មានចំនួន ២១ គន្លងដាយ និងនៅរាជធានីភ្នំពេញ មានចំនួន ១២ គន្លងដាយ៕/V/r