​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​មេដឹកនាំ​ចិន​លោក ស៊ី ជី​ពី​ង នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​អាហ្វ្រិក​ខាងត្បូង​នា​សប្តាហ៍​ក្រោយ​ហើយ​ក៏​នឹងចូលរួម​ជំនួប​កំពូល​របស់​ប្លុក​ប្រទេស​មានសេដ្ឋកិច្ច​កំពុង​ងើប​ស្ទុះ​ហៅ​ថា​ប្រ៊ិក​(BRICS)​នៅ​ទីក្រុង ចូហា​ណេ​ស្ប៊ឺ​ក​។​

​សូមបញ្ជាក់ថា អាហ្វ្រិក​បាន​លេចធ្លោ​ឡើង​ជា​សមរភូមិ​ការទូត​ថ្មី​មួយ ដោយ​លោក​ខាងលិច រុស្ស៊ី​និង​ចិន​កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​ទីនោះ ចំ​ពេល​មាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង​ឡើង​ដើម្បី​ប្រភព​ធន​ធាន​រ៉ែ​និង​ការបែកបាក់​អន្តរជាតិ​ជំរុញ​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួរ ជុន​យី​ង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អន​ឡាញ​ថា «​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក​ស៊ី​រី​ល រ៉ា​ម៉ា​ផូសា​(Cyril Ramaphosa) ប្រធានាធិបតី​ស៊ី ជីន​ពីង នឹង​ទៅ​ចូលរួម​ជំនួប​កំពុល​ប្រ៊ិក​លើកទី​១៥​នៅ​ទីក្រុង​ចូហា​ណេ​ស្ប៊ឺ​ក ប្រទេស​អាហ្វ្រិក​ខាងត្បូង​ចាប់ពី​ថ្ងៃ​២១​ដល់​២៤​សីហា​»​។​

​វា​នឹង​ជា​ដំណើរ​ចេញ​ក្រៅប្រទេស​លើ​ទី​ពីរ​របស់​លោក​ស៊ី​នៅក្នុង​ឆ្នាំ​២០២៣​នេះ ក្រោយ​លោក​ធ្វើ​ទស្សនកិច្ច​រុស្ស៊ី​កាលពី​ខែ​មីនា​។​

​ប្រមុខរដ្ឋ​ប្រទេសប្រេ​ស៊ីល ចិន ឥណ្ឌា​និង​អាហ្វ្រិកខាងត្បូង បូក​រួម​ទាំង​អ្នកការទូត​កំពូល​រុស្ស៊ី នឹង​ជួបជុំគ្នា​ចាប់ពី​ថ្ងៃ​២២​ដល់​២៤​សីហា​នៅក្រោម​ប្រធានបទ​«BRICS និង​អាហ្វ្រិក​» នេះ​បើ​តាម​ការអះអាង​ពី​រដ្ឋមន្ត្រី​ការបរទេស​អាហ្វ្រិក​ខាងត្បូង​។​

ពី​មុន​លោកស៊ីបាន​ធ្វើ​ទស្សនកិច្ច​អាហ្វ្រិក​ខាងត្បូង​នៅ​ឆ្នាំ​២០១៨ នៅ​ពេល​លោក​ស្វះស្វែង​ជំរុញ​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​ជាមួយ​ទ្វីប​នេះ​។​

​លើ​របៀប​វារ​នៃ​ជំនួប​កំពូល​នៅ​ចូហា​ណេ​ស្ប៊ឺ​ក អាច​ជា​ការពង្រីក​សមាជិកភាព​BRICS​នាពេល​អនាគត​ ដោយសារ​ប្រទេស​អាហ្វ្រិក​ជាច្រើន​កន្លងមក​បាន​បង្ហាញ​បំណង​ចូលរួម​ក្នុង​ប្លុក​នេះ រួមមាន​អាល់​ហ្សេ​រី អេ​ហ្ស៊ី​ប​និង​អេត្យូ​ពី​។​

​កាលពី​ខែ​កក្កដា ចិន​បាន​ទទួល​ប្រធានាធិបតី​អាល់​ហ្សេ​រី​នៅ​ក្រុង​ប៉េកាំង​និង​បាន​ប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា «​ចិន​ស្វាគមន៍​បំណង​របស់​អាល់​ហ្សេ​រី​ក្នុង​ការចូលរួម​BRICS»​។​

BRICS​ដែល​មើលឃើញ​ខ្លួនឯង​ជា​ក្រុម​មួយ​សំរាប់​ទប់ទល់​នឹង​ឧត្តមភាព​សេដ្ឋកិច្ច​លោកខាងលិច ជាការ​ផ្សំ​តួអក្សរ​ចេញមកពី Brazil, Russia, India, China និង South Africa៕