​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​និយាយថា ការកាន់កាប់​អាវុធ​នុយក្លេអ៊ែរ​បានកា​រពារ​ប្រទេស​រុស្ស៊ី​ពី​ការគំរាមកំហែង​ផ្នែក​សន្តិសុខ ហើយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅតែ​បន្ត​រំលឹក​លោក​ខាងលិច​អំពី​ហានិភ័យ​ដើម្បី​ទប់ស្កាត់​ជម្លោះ​របស់​ពួក​មហាអំណាច​នុយក្លេអ៊ែរ​។​

​លោក​ឡាវ​រ៉ូវ​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​សម្រាប់​ទស្សនាវដ្ដីរ​បស់​រដ្ឋ The International Affairs ដែល​បាន​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​សីហា នៅលើ​វេបសាយ​របស់​ក្រសួង​ការបរទេស​ថា “​ការកាន់កាប់​អាវុធ​នុយក្លេអ៊ែរ​នាពេល​បច្ចុប្បន្ន​នេះ គឺជា​ការឆ្លើយតប​តែមួយគត់​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​ការគំរាមកំហែង​ពី​ខាងក្រៅ​សំខាន់ៗ​មួយចំនួន​ចំពោះ​សន្តិសុខ​នៃ​ប្រទេស​របស់​យើង​”​។​

​កាលពី​ខែ​មុន អតីត​ប្រធានាធិបតី​រុស្ស៊ី លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ បាន​និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​ត្រូវ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​ការវាយលុក​របស់​អ៊ុយ​ក្រែន​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​ទទួលបាន​ជោគជ័យ​។​

​ប្រទេស​លោកខាងលិច​កំពុងផ្តល់​អាវុធ​ដល់​អ៊ុ​យក្រែន ខណៈ​ដែល​ពួកគេ​ព្យាយាម​ដណ្តើមយក​ទឹកដី​ដែល​រុស្ស៊ី​បាន​កាត់​យក​ជា​ឯកតោភាគី​ចាប់តាំងពី​ការឈ្លានពាន​ប្រទេស​ជិតខាង​របស់​ខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ ២០២២​។​

​លោក​ឡាវ​រ៉ូវ​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ណា​តូ​ប្រថុយ​ប្រឈមមុខ​នឹង “​ស្ថានភាព​តទល់​គ្នា​ដោយ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់​របស់​ពួក​មហាអំណាច​នុយក្លេអ៊ែរ​”​។​

​លោក​ឡាវ​រ៉ូវ​បាន​និយាយថា “​យើង​ជឿ​ថា​ការវិវត្ត​បែបនេះ​គួរតែ​ត្រូវបាន​រារាំង​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​រំលឹក​អំពី​អត្ថិភាព​នៃ​ហានិភ័យ​ផ្នែក​យោធា​និង​នយោបាយ​កម្រិត​ខ្ពស់ ហើយ​បញ្ជូន​សញ្ញា​ប្រុង​ប្រយ័ត្ន​ទៅ​កាន់​គូ​ប្រជែង​របស់​យើង​”​។​

​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ហៅ​ការគំរាមកំហែង​របស់​រុស្ស៊ី​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​ថា “​ពិតប្រាកដ​” ខណៈ​ប្រធាន​អង្គការ​ណា​តូ​លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា សម្ពន្ធមិត្ត​យោធា​នេះ​មិន​បាន​រកឃើញ​ការ​ចល័ត​ទី​ណាមួយ​របស់​ក​ង​កម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី​ទេ​៕

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូវ ថា​អាវុធ​នុយក្លេអ៊ែរ​គឺ​ទុក​ឆ្លើយតប​នឹង​ការ​គំរាម​ពី​ខាងក្រៅ