ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានហោះទៅកាន់ប្រទេសហូឡង់កាលពីថ្ងៃអាទិត្យទី២០សីហា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងអំណាចលើអាកាសរបស់ប្រទេសគាត់ បន្ទាប់ពីក្មេងស្រីអាយុប្រាំមួយឆ្នាំម្នាក់បានស្ថិតក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីដ៏ឃោរឃៅ។
ប្រធានាធិបតីអ៊ុយក្រែនបានធ្វើដំណើរទៅជួបពិភាក្សាក្នុងទីក្រុងអ៊ីនដូវិន (Eindhoven) ជាកន្លែងដែលកងទ័ពអាកាសរបស់លោកទទួលបានយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង ដែលរក្សទុកនៅក្នុងប្រទេសហូឡង់និងដាណឺម៉ាក។
រឿងនេះកើតឡើងបន្ទាប់ពីដំណើររបស់គាត់ទៅកាន់ប្រទេសស៊ុយអែតដើម្បីស្នើសុំរថក្រោះធុនស្រាលនិងយន្តហោះ JAS 39 Gripen ។
កិច្ចព្រមព្រៀងនេះគឺជាការជំរុញដ៏សំខាន់សម្រាប់ការវាយលុករបស់អ៊ុយក្រែន ដែលឥឡូវនេះឈានចូលខែទីបីរបស់ខ្លួន។
កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូត (Mark Rutte) បានបញ្ជាក់ថា ហូឡង់និងដាណឺម៉ាកនឹងផ្តល់យន្តហោះចម្បាំង។
លោករូតបាននិយាយថា ហូឡង់មានយន្តហោះ F-16 ចំនួន ៤២ គ្រឿងសរុបទាំងអស់ ប៉ុន្តែវាលឿនពេកក្នុងការនិយាយថាតើយន្តហោះទាំងអស់នឹងត្រូវបរិច្ចាគឬយ៉ាងណា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកហ្សេលេនស្គីនៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងអ៊ីនដូវិន លោករូតបាននិយាយថា “ថ្ងៃនេះ យើងអាចប្រកាសថា ហូឡង់និងដាណឺម៉ាកប្តេជ្ញាផ្ទេរយន្តហោះ F-16 ទៅកាន់អ៊ុយក្រែននិងកងទ័ពអាកាសអ៊ុយក្រែន”។
លោកហ្សេលេនស្គីបាននិយាយថា ការសម្រេចចិត្តនេះគឺ “ពិតជាប្រវត្តិសាស្ត្រដ៏មានឥទ្ធិពលនិងបំផុសគំនិតសម្រាប់ពួកយើង” ដោយបន្ថែមថា “នេះគឺជាជំហានមួយទៀតឆ្ពោះទៅរកការពង្រឹងខែលការពារអាកាសរបស់អ៊ុយក្រែន”។
លោកក៏បានហៅកិច្ចព្រមព្រៀងនេះថាជា “កិច្ចព្រមព្រៀងដ៏ជោគជ័យ” ផងដែរ ហើយបាននិយាយថាចំនួនយន្តហោះពិតប្រាកដនឹងត្រូវពិភាក្សា “នាពេលក្រោយ”៕