ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្តេជ្ញាសងសឹករុស្ស៊ី បន្ទាប់ពីពួកគេបានបាញ់មីស៊ីលទៅលើទីក្រុងមួយ ដែលសម្លាប់មនុស្ស ៧នាក់ និងបង្ករបួសជាង១០០នាក់។

លោកហ្សេលេនស្គីបានសន្យានៅក្នុងសុន្ទរកថាតាមវីដេអូកាលពីព្រឹកថ្ងៃអាទិត្យទី២០សីហាថា ទាហានអ៊ុយក្រែននឹង “ឆ្លើយតបជាក់ស្តែង” ចំពោះការវាយប្រហារទៅលើរោងមហោស្រពនិងទីលានសាធារណៈក្នុងទីក្រុងឆឺនីហ៊ីវ (Chernihiv) ភាគខាងជើង កាលពីថ្ងៃសៅរ៍។

មនុស្ស៧នាក់ស្លាប់និងជាង១០០នាក់របួសក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍លើមហោស្រពក្នុងទីក្រុងឆឺនីហ៊ីវ

លោកបានបន្ថែមថា “ចូរយើងប្រឹងប្រែងបន្ថែមទៀតដើម្បីបង្រួបបង្រួមពិភពលោកប្រឆាំងនឹងភេរវកម្មរបស់រុស្ស៊ី។ សូមជួយផ្តល់ឱ្យរដ្ឋយើងកាន់តែច្រើន ដើម្បីការពារអាយុជីវិត។ រុស្ស៊ី​ត្រូវតែ​ចាញ់​សង្គ្រាម​នេះដើម្បីឱ្យអាយុជីវិតជាអ្នកឈ្នះ​”។

ថ្លែងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ុយអែត ប្រធានាធិបតីអាយុ ៤៥ ឆ្នាំរូបនេះបានបញ្ជាក់ថា កុមារ ១៥ នាក់បានស្ថិតក្នុងចំណោមអ្នករងរបួសហើយក៏បានបញ្ចេញឈ្មោះក្មេងស្រីសូហ្វីយ៉ា (Sofia) អាយុ៦ឆ្នាំថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់ក្នុងសោកនាដកម្មនេះផងដែរ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ក៏មាន​ជន​ស៊ីវិលជាច្រើននាក់ផងដែរ​ដែល​កំពុង​ប្រារព្ធ​ពិធី​បុណ្យសាសនាគ្រិស្តអូស្សូដក់ (Orthodox) ​នៅ​ព្រះវិហារ​ក្បែរ​នោះ ​ដែល​រង​ការ​ខូច​ខាត​រួមជាមួយ​នឹង​អគារ​សាកល​វិទ្យាល័យ​មួយ។

អភិបាលនៃតំបន់ទីក្រុងឆឺនីហ៊ីវ លោក វីយ៉ាឆេស្លាវ ឆូស (Vyacheslav Chaus) បានបង្ហាញថា មនុស្សសរុបចំនួន ១៤៨ នាក់បានរងរបួសនៅក្នុងការវាយប្រហារ ដែលត្រូវបានថ្កោលទោសដោយអង្គការសហប្រជាជាតិថា “សាហាវឃោរឃៅ”។

អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អ.ស.បសម្រាប់អ៊ុយក្រែន លោក ដេនីស ប្រោន (Denise Brown) បាននិយាយថា “វាសាហាវណាស់ក្នុងការវាយលុកទីលានសំខាន់ៗនៃទីក្រុងធំមួយទាំងព្រឹក ខណៈដែលមនុស្សកំពុងដើរ និងអ្នកខ្លះកំពុងទៅព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យសាសនាសម្រាប់ប្រជាជនអ៊ុយក្រែនភាគច្រើន”។

អ៊ុយក្រែន​និយាយ​ថា រុស្ស៊ី​បាន​កំណត់​គោលដៅ​ដោយ​ចេតនា​លើ​រោង​មហោស្រព​នេះ ព្រោះទីកន្លែងនេះ​កំពុង​រៀបចំ​ការ​ប្រមូល​ផ្តុំ​នៃ​ក្រុមហ៊ុន​ផលិត​ដ្រូន។

អភិបាលក្រុងឆឺនីហ៊ីវ លោក អូឡេកសាន់ឌឺ ឡូម៉ាកូ (Oleksandr Lomako) បានប្រាប់ BBC ថា “ខ្ញុំយល់ថា គោលបំណងរបស់ពួកគេគឺព្រឹត្តិការណ៍យោធា ដែលកើតឡើងនៅក្នុងអគារល្ខោន ហើយវាជាគោលដៅរបស់ពួកគេ”។

លោក​បាន​អះអាង​ថា រុស្ស៊ី​​ដឹង​យ៉ាង​ច្បាស់​ថា ការ​វាយ​ប្រហារ​នេះ​នឹង​បណ្តាល​ឱ្យជន​ស៊ីវិល​ស្លាប់។

លោកបន្តថា​ “វាច្បាស់ណាស់ថា រុស្ស៊ី ដែលបាញ់មីស៊ីលទាំងនោះនិង អ្នកដែលបញ្ជាឱ្យបាញ់ទាំងកណ្តាលថ្ងៃត្រង់ ទៅកាន់ទីក្រុងស៊ីវិល បានដឹងថា ជនរងគ្រោះភាគច្រើននឹងជាជនស៊ីវិល”។

លោក​បាន​បន្ថែម​ថា “​គ្មាន​វិធី​ណា​ផ្សេង​​ក្នុង​ការ​បកស្រាយ​វា​ក្រៅ​តែពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​ជន​ស៊ីវិល​នោះឡើយ​ ដែលនេះជាឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ​ទៀតរបស់​រុស្ស៊ី”៕